ចាប់បានហើយ ឃាតករជាប្អូនប្រុស បាញ់បងប្រុសបង្កើត នៅក្រុងតាខ្មៅ ឃាត់ខ្លួននៅខេត្តស្វាយរៀង និងធ្លាប់ជាប់ពន្ធនាការម្តងរួចមកហើយ

កណ្តាល៖ប្អូនប្រុសដែលសមត្ថកិច្ច អះអាងថា ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបាញ់បងប្រុសបង្កើតមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចគេចខ្លួនបាត់ស្រមោល នៅពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅខេត្តស្វាយ រៀង ។ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់របស់ស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា ៖សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហើយ ឃាតករដែលបាញ់សម្លាប់បងបង្កើតខ្លួនឯង។ ការឃាត់ខ្លួនឃាតករ ធ្វើឡើងនៅទាបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅខេត្ត ស្វាយ រៀង ។

បច្ចុប្បន្នជនសង្សយ័កំពុងបញ្ចូនមកស្នងការនគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរបន្តរ និងចាត់ការតាមនិតិវិធីច្បាប់ ។

គួរបញ្ជាក់ថា ៖ការបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ ឆាយ សៀមមី អាយុ៤៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម ។

ចំណែក ជនសង្ស័យជាប្អូនបង្កើតមានឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុមុខរបរ មិនពិតប្រាកដ ដោយជិះម៉ូតូ១គ្រឿងម៉ាក Scoopy ពណ៌ក្រហម ។ 

លោក ឡាក់ ម៉េងធី បានប្រាប់អោយដឹងថា ៖ មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនហើយតែងតែឈ្មោះគ្នាជាមួយប្រពន្ធ ដោយប្រពន្ធជាអ្នករកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ពេលនោះ ជនរងគ្រោះបានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គាត់ចង់បំបែកបាក់ ប្តីប្រពន្ធគាត់ ។

លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួននៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច ។

ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀកខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ហើយជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និង ប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេក យកបាន ហើយជនសង្ស័យបាន គេចរួចឡើងជិះម៉ូតូ Scoopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ-9941ជិះឡើងទៅតាខ្មៅ គេចខ្លួនសំដៅ មកភ្នំពេញ ។ 

បើតាមអោយដឹងពីមន្ត្រីតុលាការបានបង្ហើបអោយដឹងថា ជនសង្ស័យជាឃាតករដែលបានបាញ់សម្លាប់បងរបស់ខ្លួនបង្កើតនេះ កន្លងទៅជាប់ពាក់ព័ន្ធនឹងបទល្មើស ករណីហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់។

ប៉ុន្តែឃុំខ្លួនបានត្រឹមតែ ២១ថ្ងៃតុលាការក៏ធ្វើការដោះលែង ចុងក្រោយបុគ្គលរូបនេះ បានបន្តនិទណ្ឌភាពនៃការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ គឺបាញ់សម្លាប់បងប្រុសរបស់ខ្លួនដល់ផ្ទះ ។ 

ដូច្នេះស្ថាប័នតុលាការ គួរពិចារណា ធ្វើការថ្លឹងថ្លែង ត្រិះរិះ មុននឹងធ្វើការដោះលែងជនត្រូវចោទ ជៀសវាងការធ្វើសកម្មភាព នៅតែបន្តកើតមានក្នុងសង្គម៕