ពលករខ្មែរជាង២០០នាក់ បានឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានបញ្ជាកងទ័ពចេញរថយន្តដឹកជញ្ជូនពលករទាំងអស់ នាំយកមកកាន់ទីតាំងដែលបានត្រៀមទុក ដើម្បីធ្វើចត្តាឡីស័ក !

ខេត្តឧត្តរមានជ័យ៖ អង្គភាពតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានសហការជាមួយ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩ ចេញប្រតិបត្តិការដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ នាំយកមកកាន់ទីតាំងដែលបានត្រៀមទុក ដើម្បីធ្វើចត្តាឡីស័ក ដែលទីតាំងទាំងនោះ ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ធ្នូឆ្នាំ២០២០។

  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកឧត្ដមសេនីយ៍ទោ តន់ ញាន បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ,អនុវត្តតាមបទបញ្ជាពរបស់ មេបញ្ជាការកងទ័ពជើងគោក ,មេបញ្ជាការយោធភូមិភាគទី៤ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ បានចាត់តាំងកម្លាំង ១២នាក់ ដោយប្រើប្រាស់រថយន្ត ៤គ្រឿង ដឹកនាំការញ្ជាដោយ មេបញ្ជការរងតំបន់ប្រតិបត្តិការសឹក លោកវរសេនីយ៍ឯក គង់ ខ្នា សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ ចេញទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងចំនួន ៤គោលដៅ គឺ វិទ្យាល័យ ហ៊ុន សែន សំរោង, វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ, ផ្ទះសំណាក់ ឧត្តម រដ្ឋា និងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដែលស្ថិតនៅក្នុងក្រុងសំរោង ដើម្បីធ្វើចត្តាឡីស័ក ក្នុងរយៈពេល ១៤ថ្ងៃ។

  លោកឧត្តមសេនីយ៍ទោ តន់ ញាន បានបញ្ជាក់ថា នេះជាថ្ងៃទីពីរហើយ ដែលកងកម្លាំងរបស់តំបន់ប្រតិបត្តការសឹករងឧត្តរមានជ័យ សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ បានរង់ចាំទទួល និងធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ នៅច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ដើម្បីនាំយកមកធ្វើចត្តាឡីស័ក។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២២ធ្នូឆ្នាំ២០២០ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ២២៣នាក់ ក្នុងនោះស្រី ៥៥នាក់ ដែលបានឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ និងបានដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងចត្តាឡីស័ក ដែលបានកំណត់ទុកតាមផែនការ៕