រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ចេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ២០២០។

សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩​ ខែធ្នូ ខាងមុខនេះ​ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពលនៃអាណត្តិតំណាងរាស្រ្តទំាងពីររូប មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និងឯកឧត្តម សៅ ស៉ារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស​ លោកជំទាវ បាន ស្រីមុំ ដែលបានលាលែង។ 

ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះនឹងរៀបចំបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ ភារិទ្ធ​ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតំាងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕