ប្រជាពលរដ្ឋជិត៥០០គ្រួសារ នៅស្រុកពាមជរ ខេត្តព្រៃវែងត្រូវបានទទូលអំណោយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីមន្រ្តីក្រសួងមហាផ្ទៃ

(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តមពេជ្រ ជីវ័ន អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤៨០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកពាមជរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បាននាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះ ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ ក្នុងបរិបទនៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់ប្រជាពលដ្ឋ ដែលជួបការលំបាកជានិច្ច និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ។ ដោយឡែកចំពោះជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង បានធ្វើការ ផ្សព្វផ្សាយអប់រំអំពីវិធានការការពារ និងអនាម័យជូនដល់ប្រជាពលរដ្ឋជាប្រចាំ ហើយរហូតមកដល់ពេលនេះខេត្តព្រៃវែង មិនទាន់មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ នោះនៅឡើយទេ។

ឯកឧត្តម ជា សុមេធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបងប្អូន កូន ក្មួយ ដែលធ្វើការនៅឯប្រទេសថៃ សូមឲ្យគាត់នៅបន្តធ្វើការនៅទីនោះបន្តទៀត ដើម្បីបង្ការ ទប់ស្កាត់ ការនាំចូលនៃជំងឺកូវីដ-១៩ មកដល់សហគមន៍នៃប្រទេសកម្ពុជា និងសូមសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ សូមកុំទៅក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលឆ្លងនៅលើពិភពលោក ព្រមទាំងមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃប្រទេសថៃនេះ។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ទាំងអស់ត្រូវបន្តអនុវត្តចុះផ្សព្វផ្សាយអប់រំណែនាំដល់ ប្រជាពលរដ្ឋនៅវិធានការពារនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ចដើម្បីបង្ការ ទប់ស្កាត់ ក្នុងការរីករាយដែលឆ្លងនៅក្នុងសហគមន៍។

អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ដែលត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកា១ម៉ឺនរៀលផងដែរ៕