ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ដែលមានជីវភាពលំបាកជិត១០០គ្រួសារ នៅស្រុកសំបូរ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ក្រចេះ: ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា ដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅ
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្ត្រៃយ៏ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បានអញ្ជើញដឹកនាំសមាជិសមាជិការគណៈកម្មាធិការសាខា អាជ្ញាធរដែនដី និងក្រុមប្រតិបត្តិសាខា ចុះជួបសំណេះ សំណាល និងនាំយកអំណោយរបស់កាកបាទ ក្រហមកម្ពុជា ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចំនួន៨២គ្រួសារ នៅក្នុងឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ ។

អំណោយពីកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៨២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន រួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេះ ត្រីខ ១យួរ ដោយឡែក សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភថវិការចក្នុង ១គ្រួសារ ២ម៉ឺនរៀលផងដែរ៕

នៅក្នុងឪកាសជួបសំណេះសំណាលឯកឧត្តម ធុន គ្រី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងគ្រួសារដែលមានទុក្ខលំបាក់ផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម មានប្រសាសន៏បន្ថែមថា ការនាំយកអំណោយ ផ្តល់ជូនពលរដ្ឋងាយរងគ្រោះនាពេលនេះ គឺជាការចូលរួមចំណែកដោះស្រាយនូវការខ្វះខាតរបស់ពលរដ្ឋបានមួយកម្រិត ជាពិសេសដើម្បីឲ្យពួកគាត់មានលទ្ធភាព ក្នុងការបង្កបង្កើន ផល និងប្រកបមុខរបរផ្សេងៗ បន្ថែមទៀត។

ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ រួមទាំងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ក៏បានរំលឹកដល់ពលរដ្ឋទាំងអស់ ត្រូឮវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស និងលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ១៩ ទាំងអស់គ្នាផងដែរ ។