រថយន្តសាំយ៉ុងមួយគ្រឿងឆ្លងប្រពន្ធ័ភ្លើងឆេះខ្ទេចទាំងស្រុងរួមទាំងទំនិញជាង ២ម៉ឺនដុល្លារ

0

ខេត្តកំពង់ឆ្នាំង៖ រថយន្តសាំយ៉ុងមួយគ្រឿងត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចមុខផ្សារពន្លៃ តាមបណ្ដោយផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ១២៣ និង១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានឲ្យដឹងថា រថយន្តសាំយ៉ុងដែលត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុងនោះពាក់ស្លាកលេខ ភ្នំពេញ 2aa.01.44 បើកបរដោយបុរសឈ្មោះ ទិត្យ ហេងអាយុ ៣០ ឆ្នាំមានទីលំនៅភូមិអង្គស្នាយខាងជើងស្រុកអង្គរជ័យខេត្តកំពត ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុរថយន្តខាងលើបានដឹកទំនិញមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានបណ្តាភ្លើងឆេះចេញពីក្នុងរថយន្ត ហើយម្ចាស់ក៏បានឈប់អែបខាងខាងរួចស្ទុះចេញមកខាងក្រៅ បន្ទាប់មកអណ្ដាតភ្លើងបានឆេះយ៉ាង សន្ឋោសន្ឋៅបណ្ដាលឲ្យខ្ទេចទាំងស្រុងរួមទាំងសម្ភារៈផងដែរ ។ ចំពោះការខូចខាតគឺ រថយន្តសាំយ៉ុង១គ្រឿង ថ្នាំលាបអ៊ុយ 90 ជាច្រើនធុង ស្ប្រាយ ទឹកក្រូច និងសម្ភារៈជាច្រើនទៀត ដែលប្រមាណទឹកប្រាក់មានចំនួនជាង ២ ម៉ឺនដុល្លារ ។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឱ្យមានការឆាបឆេះនេះសង្ស័យបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត ។
ក្នុងករណីខាងលើនេះផងដែរគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកបរិបូរណ៌ចេញអន្តរាគមន៍ពន្លត់ដែរ ប៉ុន្តែភ្លើងបានឆេះរថយន្តអស់ទៅហើយ យ៉ាងនេះក្តីពុំមាននរ
ណាម្នាក់បានរងរបួសក្នុងហេតុការណ៍ខាងលើនេះឡើយ៕ សុខគឹមសៀន