បុរសជាងធ្វើផ្ទះ២នាក់ ជិះម៉ូតូទៅបុករថយន្តដឹកខ្សាច់ដែលបត់ឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ទាំង២នាក់

ភ្នំពេញ៖ បុរសជាជាងធ្វើផ្ទះ២នាក់ ជិះម៉ូតូទៅបុករថយន្តដឹកខ្សាច់ដែលបត់ឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ទាំង២នាក់ ខណៈធ្វើដំណើរចេញពីស្រុកកំណើតទៅរុះរើផ្ទះឱ្យគេនៅម្តុំជម្ពូវ័ន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៦ ទល់មុខវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី១.មានឈ្មោះ ជេ សុជាតិ អាយុ ៣១ឆ្នាំ មុខរបរជាងផ្ទះឈើ មានស្រុកកំណើតភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទី២.មានឈ្មោះ ឈឿន ឆោមអាយុ ៤៨ឆ្នាំ ជាជាងផ្ទះដូចគ្នាស្នាក់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី ២០១២ ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1J-8955 ។ ចំណែករថយន្តដឹកខ្សាច់ម៉ាក DONG FENG ពណ៌ស បើកបរដោយឈ្មោះ ហៀង គឹមហាក់ភេទប្រុសអាយុ២៥ ឆ្នាំមានលំនៅភូមិព្រែកកន្ទួតឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវនគរបាលឃាត់ខ្លួន។

ប្រភពព័ត៌មាននៅមុនពេលកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកខ្សាច់មួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ហើយបត់ឆ្វេងឆ្លងផ្លូវដោយសារតែល្បឿនលឿនម៉ូតូក៏បានបុកចំកណ្ដាលរថយន្តពេញទំហឹង បណ្ដាលឱ្យបោកក្បាលបាក់កស្លាប់ទាំងពីរនាក់ភ្លាមៗតែម្តង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបាននគរបាលឃាត់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍រារជធានីភ្នំពេញបានចុះមកវាស់វែងយករថយន្តនឹងម៉ូតូ និងនាំខ្លួនអ្នកបើករថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕