ខ្មាន់កាំភ្លើងជាតៃកុងរថយន្ត បាញ់សំដៅមកសមត្ថកិច្ច៧គ្រាប់ត្រូវបានចាប់ខ្លួន

កណ្តាល៖ នៅទីបំផុតបុរសជាខ្មាន់កាំភ្លើងម្នាក់ដែលបាញ់នគរបាលប៉ុស្តិ៍សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ ក្រោយពីធ្វើការឡោមព័ទ្ធ។

ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់ស្នងការដ្ឋានគរបាលខេត្តកណ្តាលបានអោយដឹងថា៖ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បានទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងការខូចខាតនៅឃុំសំពៅពូន ស្រុកកោះធំ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនអ្នកបើករថយន្តមកដោះស្រាយគ្នា។តែពេលដែលកំពុងសួរនាំនោះ ស្រាប់តែជនល្មើសបានរត់ចូលទៅក្នុងបន្ទប់នគរបាលប៉ុស្តិ៍ហើយចាក់សោរ។ រួចក៌យកកាំភ្លើងដែលទុកនៅក្នុងបន្ទប់នោះ បាញ់ចេញមកក្រៅសំដៅមកលើកងកម្លាំងនគរបាលចំនួន៧គ្រាប់ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះឡើយ។

ក្រោយមានហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍នៅកន្លែងនោះ និងធ្វើការឡោមព័ទ្ធដោយប្រើយុទ្ធសាស្រ្តផ្សេងៗ រហូតចាប់ខ្លួនបានជនល្មើសនៅវេលាយប់ម៉ោង២២និង១០នាទីថ្ងៃដដែល។

ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរអ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។តាមការសួរនាំនិងធ្វើតេស្តទឹកនោមឃើញថាជននេះមានការប្រើប្រាស់គ្រឿងញៀន។ខ្មាន់កាំភ្លើងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕