ជនខិលខូច កំពុងប្រើល្បិចផ្ញើសារសុំលេខកូដ ដើម្បីគ្រប់គ្រងគណនីបណ្តាញសង្គម និងគណនីផ្សេងៗទៀត ដូច្នេះសូមប្រុងប្រយ័ត្ម

ភ្នំពេញ៖ ទម្រង់បោកប្រាស់ថ្មីមួយទៀតតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានជនទុច្ចរិត កំពុងលួចចូលទៅគ្រប់គណនីបណ្តាញសង្គម ឬអាចឈានទៅគ្រប់គ្រងគណនីធនាគារផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។

ជាក់ស្ដែងអ្នកប្រើប្រាស់បណ្តាញ Whatsapp ម្នាក់ ដែលត្រូវបានគេចូលទៅគ្រប់គ្រងគណនីរបស់ខ្លួន បានឱ្យដឹងថា ជនទុច្ចរិតបានចូលទៅគ្រប់គ្រងគណនី Whatsapp មិត្តភក្តិរបស់លោក ហើយបានផ្ញើសារមកសុំលេខកូដ៦ខ្ទង់ពីលោក។ បន្ទាប់ពីបានលេខនោះហើយ គឺគេបានចូលទៅគ្រប់គ្រង Whatsapp របស់លោក និងប្រើវិធីនេះទៅកាន់មិត្តភក្តិដទៃរបស់លោក ដើម្បីចូលទៅគ្រប់គ្រងគណនីរបស់អ្នកដទៃទៀត។

សារដែលជនទុច្ចរិតបានប្រើនោះ មានខ្លឹមសារថា «ខ្ញុំសុំទោសខ្ញុំបានផ្ញើលេខកូដ៦ខ្ទង់ដោយចៃដន្យតាមសារជាអក្សរ តើអ្នកអាចផ្ញើវាមកខ្ញុំបានទេ? វាជារឿងបន្ទាន់»។

អ្នកជំនាញសន្តិសុខលើប្រព័ន្ធបច្ចេកវិទ្យាធ្លាប់បានគូសបញ្ជាក់ថា ទាំងនេះសុទ្ធតែជាទម្រង់បោកប្រាស់របស់ជនទុច្ចរិតផ្នែកបច្ចេកវិទ្យា ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមណាមួយ។ ពួកគេក៏អាចប្រើវិធីនេះ ដើម្បីចូលទៅគ្រប់គ្រងគណនីធនាគារផងដែរ។

ដូច្នេះដើម្បីចៀសវាងការរងគ្រោះ ឬបាត់បង់គណនីបណ្តាញសង្គម និងគណនីធនាគារផងនោះ គឺហាមដាច់ខាតក្នុងការផ្តល់ព័ត៌មានទាក់ទងគណនី លេខសម្ងាត់ ឬលេខកូដណាមួយទៅកាន់ជនដទៃ៕