រថយន្តដឹកឈើ ក្រុម ហ៊ុន ១គ្រឿង ក្រឡាប់នៅស្រុកស្ទឹងត្រង់ ធ្លាយចេញឈើ ប្រមាណ ជាង៣០ ម៉ែត្រ គូប ខណៈ លិខិត អនុញ្ញាត មាន ត្រឹមតែ ១៧ ម៉ែត្រ គូប

កំពង់ចាមៈ រថយន្តដឹកឈើរបស់ក្រុមហ៊ុនស៊ីងបាយអូថេក១គ្រឿង បានក្រឡាប់ផ្ងារជើងធ្លាយចេញមកសុទ្ធតែឈើប្រភេទលេខ១ ប្រមាណជាង៣០ម៉ែត្រគូប ជ្រៀកជាបួនជ្រុង ប្រវែងជាង៣ម៉ែត្រ ខណៈ ដែល អ្នក បេីកបរ រថយន្ត រងរបួស ស្រាល ម្នាក់ ។ ហេតុការណ៍ នេះ បាន កេីត មាន ឡើង កាល ព្រឹក ថ្ងៃ ទី ៤ ខែមករា ឆ្នាំ ២០២១ នៅ កំណាត់ ផ្លូវចូលភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប្រភព បាន ឲ្យ ដឹងថា រថយន្ត ដឹក ឈេី ខាងលេី មាន លិខិតច្បាប់អនុញ្ញាត ឲ្យ ដឹកជញ្ជួន ឈេី ក្នុង មួយគ្រឿងប្រមាណជាង១៧ម៉ែត្រ គូប តែប៉ុណ្ណោះ និងជាឈើប្រភេទឈេីលេខ៣ ចេញពីទឹកដីខេត្តក្រចេះឆ្ពោះទៅកាន់ខេត្តកណ្តាល។ ប៉ុន្តែបើតាមការកត់សម្គាល់ឈើប្រភេទសុក្រំ ស្រឡៅ កែច្នៃជារាងជ្រុងៗបែបនេះជាប្រភេទឈើនាំចេញទៅក្រៅប្រទេស។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បាន ឲ្យ ដឹង ថា មានរថយន្តដឹកឈើដូច រថយន្ត ក្រឡាប់ នេះច្រើនគ្រឿងណាស់ក្នុងមួយយប់ៗ ដែលធ្វើសកម្មភាព បែបនេះ ជាច្រើនខែមកហើយ គឺបើកបរលឿនៗណាស់ ដោយ គ្របតង់បិទជិតផ្នែកទ្រុង ឬរឺម៉ក។
ជាក់ស្តែងរថយន្តដែលក្រឡាប់នេះ គឺគ្មានឧបសគ្គនៅខាងមុខឡើយ គឺបណ្តាលមកពីបើកបរលឿន ផ្លូវចុះចំណោត និងផ្លូវកោងទើបក្រឡាប់តែម្តង។

ជុំវិញករណីរថយន្តដឹកឈើក្រឡាប់នេះលោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម បាន ឲ្យ ដឹង ថា រថយន្តដឹកឈើក្រឡាប់នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំពោះ បើថា ដឹកលើសច្បាប់អនុញ្ញាត និងខុសប្រភេទពីលេខ៣ ទៅ ជា លេខ១នោះ លោកនឹង ចាត់តាំង មន្ត្រី ជំនាញ ចុះទៅវាស់វែងពិនិត្យជាក់ស្តែង ៕