ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែកទឹក ក្នុងស្ទឹងតាហោ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សស្លាប់អណ្តែកទឹក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្នុងស្ទឹងតាហោ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា សពមានឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្អូនប្រុសបង្កើតរបស់សព ឈ្មោះ ភួង រតនា បានឱ្យដឹងថា ជនរងគ្រោះមានជំងឺសសៃប្រសាទរយៈពេល២ឆ្នាំមកហើយ ដោយបាត់ពីផ្ទះរយៈពេលបីថ្ងៃពីយប់ គឺបានបាត់ពីផ្ទះតាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ហើយក្រុមគ្រួសារបានខំដើរស្វែងរក និងផ្សព្វផ្សាយតាមវិទ្យុABC ផងដែរ។ នៅថ្ងៃកើតហេតុ គាត់ក៏បានឃើញសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹក នៅទីតាំងកើតហេតុខាងលើ ទើបពេលគាត់មកមើលឃើញថាជាបងប្រុសរបស់គាត់ពិតប្រាកដមែន។

តាមការធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព) ស្លាប់ដោយសារលង់ទឹកពិប្រាកដមែន។

បច្ចុប្បន្ននេះ សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់អោយទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕