ជិះម៉ូតូលឿនទាក់ដៃចង្កូតជាមួយរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងបួស៣នាក់

ភ្នំពេញ៖ ជិះម៉ូតូក្នុងល្បឿនលឿនទាក់ដៃចង្កូតជាមួយរថយន្តទៅបុកម៉ូតូមួយគ្រឿងទៀតចំពេញទំហឹង បណ្តាលឲ្យរងបួសស្រាលចំនួន៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក XR មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1HM-8181 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿង មិនចាំម៉ាក មិនចាំស្លាក់លេខ រួចជ្រុលទៅបុកម៉ូតូម៉ាក Today មួយគ្រឿងទៀតចំពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតបន្តិចបន្តួចដូចគ្នា ហើយភ្លាមៗនោះរថយន្តក៏បានបើកទៅបាត់តែម្តង។ ចំណែកឯមនុស្សវិញបណ្តាលឲ្យរងរបួសស្រាលចំនួន៣នាក់។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកមកដាក់កៀនខាងសិន ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ម៉ូតូម៉ាកXR ជាអ្នកបង្ក ក៏ព្រមសង់សំណង់ទៅខាងភាគីម្ចាស់ម៉ូតូ Today ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕