អំណោយ មនុស្សធម៌របស់អនុសាខា ផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ

0

ខេត្ត​សៀមរាប​៖​ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោក ធិននី វិធូរ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកវ៉ារិន និងក្រុមការងារបានចុះសាកសួរសុខទុក្ខ និងបាននាំយកនៅអំណោយ ធម៌របស់អនុសាខា ផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ ០១ខ្នងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ របស់ឈ្មោះ ហ៊ុន យ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានសមាជិកគ្រួសារ ៤នាក់ ស្រី ២នាក់ រស់នៅភូមិជប់ម្លូរ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។

មានប្រសាសន៍នាឱកាសនោះលោក ធិននី វិធូរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែង តែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ។ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលនោះទេ ។ ហើយលោកប្រធាន និងក្រុមការងារ ពិតមានការសោកស្តាយជាខ្លាំងចំពោះឧបទ្ទវហេតុគ្រោះអគ្គីភ័យឆាបឆេះផ្ទះ និងបានលើកទឹកចិត្តដល់គ្រួសាររងគ្រោះ កុំឲ្យអស់សង្ឃឹមក្នុងជីវិត ព្រោះមនុស្សម្នាក់ៗរមែងមានទុក្ខរៀងៗខ្លួន  គឺត្រូវបន្តប្រឹងប្រែងខិតខំប្រកបរបរចិញ្ចឹមជីវិត ធ្វើយ៉ាងណាឲ្យគ្រួសារមានជីវភាពធូរធារទៅមុខ ព្រោះមានកូនក្នុងបន្ទុកទៀត ។

អំណោយមនុស្សធម៌ផ្ដល់ជូនរួមមាន÷
អង្ករ ៦០គីឡូក្រាម កៅស៊ូតង់ ១ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ធុងទឹក ១ ឆ្នាំងបាយ ១ ចានសម្ល៥ ចានបាយ៥ ស្លាបព្រាបាយ៥ កន្ទេល ១ សារ៉ុង ១ មុង ១ ភួយ ១ ក្រម៉ា ១ ខ្ទះឆា ១ មី ១កេស និងថវិការបស់អនុសាខាចំនួន ១សែនរៀល ថវិការបស់ឃុំវ៉ារិន ចំនួន ៣សែនរៀល៕