យុវជនត្រូវបង្កើនសមត្ថភាព គុណភាពការងារឲ្យកាន់តែប្រសើរដើម្បីបម្រើបក្ស និងប្រជាជន

ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានជំរុញលើកទឹកចិត្ត ដល់សមាជិក សមាជិការថា សូមបន្តបេសកម្មរបស់ខ្លួន តាមគោលការដឹកនាំរបស់គណបក្ស ឲ្យកាន់តែប្រសើរ និងកុំបាក់ទឹកចិត្ត បើទោះ ជាថ្នាក់ដឹកនាំមួយចំនួនមើលមិនឃើញទង្វើល្អទាំងនោះក៏ដោយ។ ហើយសំខាន់ត្រូវបន្តអភិវឌ្ឍសមត្ថភាព គុណភាពការងារ ដើម្បីបម្រើដល់បក្ស និងប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្តកំពត កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ភន់ សារពេជ្រ សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានលើកឡើងថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ការងាររបស់យុវជនគណបក្សខេត្តកំពត ទទួលបានលទ្ធផលល្អជាងគេនៅទូទាំងប្រទេស ។បើតាមរបាយការណ៍ឆ្នាំ២០២០ ក្រុមការងារបានធ្វើសកម្មភាព បាន៦២៧លើក ដោយបានចំណាយថវិការជាង ៦៦៦លានរៀល និងប្រាក់ដុល្លាជាង ២ម៉ឺន ៩ពាន់ដុល្លា ព្រមទាំងសម្ភារៈមានដូចជា អង្ករ ត្រីខ មី ទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយរបស់ឯកឧត្តម ជឺង ផល្លា ប្រធានក្រុមប្រឹក្សា និងជាប្រធានប្រចាំការបក្ស គិតជាថវិការស្មើ ៦៦លានរៀលបន្ថែមទៀត ដើម្បីរួមចំណែកជាមួយបក្ស ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ។
យ៉ាងណាក៏ដោយ ឯកឧត្តមប្រធានយុវជនខេត្តបានជំរុញ និងលើកទឹកចិត្តដល់ សមាជិក សមាជិការទាំងអស់ឲ្យៈ ១. ត្រូវថែរក្សាឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផលដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការណែនាំកសាងប្រទេស និងដែលមានការចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់ និង ២-បន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុ បម្រើជាតិ និងប្រជាជនឲ្យបានកាន់តែប្រសើរឡើង ។ ជាងនេះទៅទៀត យុវជនត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ នៃការដឹកនាំក្រុមការងារ៕