អភិបាលខេត្តប៉ៃលិន ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក អំពីបញ្ហាជំងឺកូវីដ-១៩

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយប្រតិភូក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាឡែន ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេស ចំពោះពលករ ដែលឆ្លងដែនពីប្រទេសថៃ មកកម្ពុជា។
ក្នុងកិច្ចពិភាក្សាការងារនេះដែរលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានថ្លែងអំណរគុណ ដល់លោកស្រី ឱ វណ្ណឌីន ដែលបានឆ្លៀតពេល ដ៏មមាញឹក ចុះមកបំពេញភារកិច្ច ក្នុងខេត្តប៉ៃលិន ដើម្បីសុខុមាលភាព របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើង ជួបប្រទះសព្វថ្ងៃ។ ក្នុងនោះលោកស្រីអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូក្រសួងសុខាភិបាលដែរថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏បាន ធ្វើការណែនាំបន្ដ ដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ តំបន់ទេសចរណ៍ រមណីយដ្ឋាន និងអាហារដ្ឋានជាដើម។លោកស្រីអភិបាលខេត្តប៉ៃលិន ក៍បានបញ្ជាក់ដែរថា៖ រដ្ឋបាលខេត្ត បានទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ ពីក្រៅប្រទេស (ប្រទេសថៃ) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រកអន្តរជាតិព្រំ ព្រមទាំងច្រករបៀងផ្សេងៗ តាមបន្ទាត់ព្រំដែនខេត្តប៉ៃលិន ជាប់ប្រទេសថៃ មកកាន់ទីតាំងមណ្ឌលត្រួតពិនិត្យសុខភាពខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងតាមដាន សុខភាពមុន នឹងបញ្ជូនទៅទីតាំងចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ មុនទៅកាន់មូលដ្ឋាន ដែលខ្លូនរស់នៅផងដែរ។
ក្នុងឪកាសពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន នេះដែរ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ក្នុងនាមក្រសួងសុខាភិបាល លោកស្រី សូមសំដែងនូវអំណរគុណ ចំពោះអាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដែលរហូតមកដល់ថ្ងៃនេះ ក្នុងខេត្តទាំងមូល មិនទាន់មាននណាម្នាក់ឆ្លងជំងឺកូវីដ-១៩ បន្តទៀតនោះទេ ព្រមទាំងបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ ទោះបីមិនទាន់ឆ្លង ក៏យើងត្រូវគិតទៅមុខទៀត ពីព្រោះលទ្ធភាពនៃការចម្លង គឺតែងតែមាន ពិសេសបងប្អូនអ្នកដំណើរ ដែលធ្វើដំណើរចុះឡើងៗ ដូចជាបងប្អូនធ្វើដំណើរមក ពីប្រទេសក្រៅផងដែរ។ទន្ទឹមនឹងនេះដែរ លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលកន្លងមកនេះ លោកមិនបានសម្រាកនោះឡើយ បុណ្យទានគេសម្រាក ប៉ុន្តែក្រុមគ្រូពេទ្យយើង មិនបានសម្រាកដូចគេនោះដែរ។ជាមួយគ្នានេះលោកស្រី ក៍សូមលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យទាំងអស់ សូមបន្តនៅបេសកកម្ម ដ៏ថ្លៃថ្លានេះ និងធ្វើយ៉ាងណា ឱ្យតម្លៃសុខាភិបាល ត្រូវតែមានជានិរន្ត ឋិតឋេរជារៀងរហូត ហើយត្រូវតែថែរក្សានៅក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ឱ្យបានល្អ១០០ភាគរយផងដែរ៕ដោយ ត្បូងពេជ្រ