អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់រង្វាន់ ដល់ក្រុង/ស្រុក/ភូមិ/ឃុំ ដែលមានស្នាដៃល្អ ក្នុងការរៀបចំសោភ័ណភាព ឲ្យបានល្អ ធ្វើអោយមហាជនមានការគាំទ្រ

0

(ប៉ៃលិន)៖ មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ មេឃុំ/មេភូមិ ទូទាំងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្នុងសាលប្រជុំធំ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់រង្វាន់ ដល់ក្រុង/ស្រុក/ភូមិ/ឃុំ ដែលមានស្នាដៃល្អ ក្នុងការរៀបចំសោភ័ណភាព ឲ្យបានល្អ ធ្វើអោយមហាជនមានការគាំទ្រច្រើន ក្នុងនោះការ ផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក៍ត្រូវតែពង្រឹងឲ្យបានល្អផងដែរ។
ក្នុងឪកាសនោះដែរលោកស្រី បាន ស្រីមុំ ក៍បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសមាជិក សមាជិកាក្នុងអង្គពិធី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខពូមីង តាមរយៈការលើកទឹកចិត្ត ការបង្កើនប្រាក់ខែ និងផ្តល់ជាស្បៀង អាហារ សម្លៀកបំពាក់ តាមរយៈលោកស្រីអភិបាលខេត្តជារឿយៗ ។ ជាមួយគ្នានេះលោកស្រីអភិបាលខេត្ត បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងវាយតម្លៃខ្ពស់ ចំពោះ រាល់កិច្ចខិតខំប្រឹងប្រែង របស់មន្រី្ដរាជការទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាព ការងារបន្ថែមទៀត ជាពិសេស ការយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈ ទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកស្រីអភិបាលខេត្ត ក៍បានស្នើ អោយអាជ្ញាធរ ចាប់ពីក្រុង ស្រុក ភូមិ ឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋអោយបានលឿន និងមានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិ បងប្អូន, ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យភូមិឃុំ អោយស្រស់ស្អាត គ្មានសម្រាម និងចូលរួមផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ហើយត្រូវរាយការណ៍ជាបន្ទាន់ បើមានពលករចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងភូមិ ហើយដើម្បីជាការលើកទឹកចិត្ត លោកស្រីអភិបាលខេត្ត ក៍បានផ្តល់ ជាថវិកា និងអាវរងាម្នាក់មួយ ដែលជាអំណោយដ៏ថ្លៃថ្លា លោក អ៊ី ឈាន ប្រធានក្រុមការងារចុះជួយ មូលដ្ឋានខេត្តប៉ៃលិនផងដែរ ៕ដោយ ត្បូងពេជ្រ