នាយឧត្តមសេនីយ៍ អ៊ី ឈាន ក្រើនរំលឹកដល់សមត្ថកិច្ចការពារព្រំដែន ត្រូវការពារសុវត្ថិភាព ជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភិត បំភ័យ ពេលពលរដ្ឋចំណាក់ស្រុក ឆ្លងដែនចូលកម្ពុជាវិញ

0

(ប៉ៃលិន​)៖ ក្នុងឪកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់កងកម្លាំង តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានជំរុញដល់កម្លាំងសមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវការពារសុវត្ថិភាព ជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យ ពលរដ្ឋ ពេលដែលពួកគាត់ឆ្លងដែនមកកម្ពុជាវិញ។ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកមេបញ្ជាការប្រចាំទិសប៉ៃលិន~សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត យុវជនស.ស.យ.កខេត្ត ជាច្រើននាក់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈ ។

ហើយក្នុងនាមឯកឧត្តមផ្ទាល់ ក៍បានធ្វើការកោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើអោយបងប្អូនមានស្មារតីមុះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អអោយក្លាយទៅជាសាច់ឈាមតែមួយ ក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ និងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង បំភ័យពលករពេលឆ្លងដែនមក ដោយអោយពួកគាត់ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅមណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួចដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា៖ ក្នុងពេលកំពុងបំពេញបេសកកម្មនេះ ត្រូវរក្សាសុខភាពអោយបានល្អ អនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីកុំអោយមានការឆ្លងរីករាលដាល ចូលក្នុងគ្រួសារ សហគមន៍យើងដោយមិនដឹងខ្លួន ព្រោះយើងមិនដឹងថា បេសកកម្មមួយនេះ ចប់នៅពេលណាឡើយ ។ ឯកឧត្តម បានបន្តថា៖ ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ កងកម្លាំងទាំង៣ប្រភេទ ក៏ត្រូវតាមដាននិងរក្សាសណ្តាប់ធ្នាប់ សន្តិសុខតាមព្រំដែន ទប់ស្កាត់និងបង្រ្កាបរាល់បទល្មើសឆ្លងដែន ការជួញដូរខុសច្បាប់ផងដែរ ។
សូមបញ្ជាក់ថា៖ ស្បៀងអាហារ និងសម្ភារៈ ដែលបានឧបត្ថម្ភ ដល់កងកម្លាំងការពារព្រំដែន ក្នុងមួយគោលដៅៗ មាន៖ ម៉ាស៤ប្រអប់ កៅស៊ូតង់ធំ១ អង្ករ៥០គីឡូ ទឹកស៊ីអ៊ីវ ១យួរ មី៣កេស ត្រីខ២យួរ ទឹកសុទ្ធដបធំ ៤យួរ ទឹកក្រូច៣៦ដប ពងទា៦០គ្រាប់ ជែលអាល់កុល ១ឡូ និងថវិកាមួយចំនួនផងដែរ៕