នៅផ្សារស្រីស្នំត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តសៀមរាប (ក.ប.ប.) បានធ្វើការពិសោធន៍ទៅលើពពុះសណ្តែកមួយចំនួន ដែលដាក់តាំងលក់នៅក្នុងផ្សារនិងតាមនោះ ឃើញថា វាមានផ្ទុកនៅសារធាតុគីមីហាមឃាត់

មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង នឹងបង្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប ដឹកនាំដោយលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា (ក.ប.ប.) សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។ ក្នុងកិច្ចចុះប្រតិបត្តិការដើម្បីត្រួតពិនិត្យមើលគុណភាពម្ហូបអាហារ នឹងស្វែងរកនៅសារធាតុគីមីហាមឃាត ដែលមិនទាន់វេចខ្ចប់ នឹងវេចខ្ចប់ស្រាប់ ស្ថិតក្នុងផ្សារស្រីស្នំ ភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប រួមទាំងនៅតាមផ្ទះ ស្តង់ និងដេប៉ូចែកចាយទំនិញវេចខ្ចប់ធំៗមួយចំនួនផងដែរ។
លោក ខៀវ បញ្ញាវឌ្ឈន៍ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង នឹងបង្កាបការក្លែងបន្លំ បានបង្ហាញថា មន្ត្រីជំនាញរបស់យើង បានផ្តោតសំខាន់ទៅលើការស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចមានវត្តមាននៅក្នុងគ្រឿងឧបភោគ បរិភោគ ដោយប្រការណាមួយ ដែលក្រុមការងារពួកយើងបានប្រើប្រាស់នៅឧបករណ៍តេស្តឃីតនៅនឹងកន្លែងផ្ទាល់តែម្តង ក៏ដូចជាភាពមិនប្រក្រតីជាច្រើនទៀត ដែលមិនឆ្លើយតបទៅនឹងសុវត្ថិភាពម្ហូបអាហារជាដើម។ លោក បានលើកឡើងថា ជាក់ស្តែង ជារៀងរាល់ខែកន្លងមក មន្ត្រីជំនាញបានធ្វើតេស្តពិសោធទៅលើសំណាកគំរូជាច្រើនមុខខុសៗគ្នា ហើយជាលទ្ធផល ក្នុងចំណោមសំណាកគំរូទាំងនោះ គឺមានសំណាកគំរូខ្លះមិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ ហើយសំណាកគំរូមួយចំនួនទៀតត្រូវបានរកឃើញថាវត្តមានសារធាតុគីមីហាមឃាត់ ដូចនៅព្រឹកនេះ ក្រុមការងារយើងបានធ្វើកំណត់ហេតុដកហូតនៅពពុះសណ្តែក ដែលមានចំនួនជិត៤ គីឡូក្រាម បន្ទាប់ពីបានធ្វើតេស្តរួច ឃើញថា មានផ្ទុកនៅសារធាតុគីមីហាមឃាត់។ ចំពោះវត្ថុតាំងដែលដកហូតនោះ ក្រុមការងារយើងបានយកមករក្សាទុកនៅសាខា ដើម្បីរង់ចាំនៅការដុតកំទេចចោលនាពេលក្រោយ។ ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏បានធ្វើការណែនាំ ដល់អាជីវករទាំងឡាយឱ្យពួកគាត់បានយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្ដីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្ករផលប៉ះពាល់ដល់សុខភាពប្រពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ផងដែរ។ សូមបញ្ជាក់ផងដែរថា នៅដើមឆ្នាំ២០២១នេះ យើងនៅតែបន្តសកម្មភាពរហូត ក្នុងការចុះទៅតាមទីផ្សារនានា ដើម្បីស្វែងរកភាពមិនប្រក្រតីផ្នែកសុវត្ថិភាពម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរថែមទៀត។ បច្ចុប្បន្ន អាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋពួកគាត់មានការយល់ដឹងច្រើនជាងមុនហើយ សម្រាប់គ្រឿងបរិភោគ ឧបភោគ ប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាតាត់នោះ៕