ត្រួតពិនិត្យដីសម្បទានសង្គមកិច្ចដែលគ្រោងនិងផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន១៥៣គ្រួសារដែលគ្មានដី គ្មានផ្ទះរស់នៅក្នុងខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម គង់ កន្នារិទ្ធ  ទីប្រឹក្សា និងជាជំនួយការផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ  អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា  បានអញ្ជើញទៅពិនិត្យជាថ្មីម្តងទៀត អំពីស្ថានភាពដីសម្បទានសង្គមកិច្ច ដែលនិងត្រៀមផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះសម្រាប់រស់នៅក្នុងខេត្តកំពង់ធំ ចំនួន ១៥៣ គ្រួសារ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនៅព្រឹកថ្ងៃអាទិត្យទី ១៧ ខែមករា ឆ្នាំ ២០២១  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  មានប្រសាសន៍ថា  នេះជាការដឹងគុណដល់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការ ការពារជាតិ មាតុភូមិនិងបម្រើប្រជាជន បងប្អូនអតីតយុទ្ធជនមួយចំនួនទៀតបានពលីជីវិត ហើយបន្សល់ទុកនូវភរិយាមេម៉ាយ និងកូនកំព្រាៗ  ដោយឡែកបងប្អូនអតីតយុទ្ធជន មួយចំនួនបានធ្លាក់ខ្លួនពិការ ដើម្បីរួមចំណែកក្នុងការអនុវត្តនូវ នយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  បានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន កន្លងមកនេះ គណៈកម្មាការធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានដី ហើយគ្មានផ្ទះស្នាក់នៅមិនសមរម្យ បានចំនួន ១៨១ ខ្នងផ្ទះ រួចមកហើយ  បច្ចុប្បន្ននេះសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ កំពុងតែបន្តការ សាងសង់ផ្ទះបន្ថែមទៀត សម្រាប់ផ្តល់ជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាក ខ្វះខាតជម្រកស្នាក់នៅក្នុងខេត្ត កំពង់ធំ  ។  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា  ចំពោះគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះចំនួន ១៥៣ គ្រួសារ  នៅទូទាំងខេត្តកំពង់ធំ ដែលបានធ្វើបច្ចុប្បន្នភាពរួចហើយ នឹងត្រូវរៀបចំដីសម្បទានសង្គមកិច្ច រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងសាងសង់លំនៅដ្ឋានជូនគាត់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចនៅពេលខាងមុខនេះ ។

 ចំណែកក្រុមគ្រួសាររបស់អតីតយុទ្ធជន មានសេចក្តីសោមនោរីករាយ ចំពោះការគិតគូរយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ ពីសំណាក់ គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដាថ្នាក់  ថ្លែងអំណរគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរសម្ដេចទាំងទ្វេ បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមបានជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ដោយ ប៊ុន រដ្ឋា