អគ្គីភ័យបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋមួយមានពីរខ្នង និងទ្រព្យសម្បត្តិអស់ទាំងស្រុង ប៉ុន្ត ស្ត្រីដែលស្ថិតក្នុងវ័យជាង ៩០ឆ្នាំ ត្រូវបានអ្នកស្រុកជួយរំដោះ ជីវិតរួចចេញពីអណ្តាតភ្លើងដ៏សន្ធោរសន្ធៅនោះ !

ខេត្តកំពង់ធំ៖ ស្ត្រីវ័យជាង ៩០ឆ្នាំម្នាក់ ត្រូវបានគេជួយសង្គ្រោះ ដោយរំដោះចេញពីអណ្តាតភ្លើង ដ៏សន្ធោរសន្ធៅមួយ គ្រាផ្ទះអ្នកស្រុកមួយមានពីរខ្នង បានរងការឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី១៦មករាឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

  សេចក្តីរាយការណ៍ ពីទីកើតហេតុបានឲ្យដឹងថា ផ្ទះមួយដែលរងការឆាបឆេះនោះ មាន២ខ្នង ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ ឈ្មោះ គល់ រិន អាយុ ៥១ឆ្នាំ ហើយស្ត្រីរងគ្រោះ មានចិញ្ចឹមម្តាយចាស់ជរាម្នាក់ ដែលស្ថិតក្នុងវ័យ ៩៤ឆ្នាំ ស្ត្រីវ័យចំណាស់នេះ ត្រូវបានកូនស្រីដែលជាម្ចាស់ផ្ទះ រួមទាំងអ្នកស្រុក ចូលជួយរំដោះរួចជីវិតចេញពីក្នុងអណ្តាតភ្លើង ដែលកំពុងរងការឆាបឆេះជិតពេញបន្ទុកនោះ ប៉ុន្តែ ស្ត្រីវ័យជរា ៩៤ឆ្នាំ បានរងការរលាតភ្លើងក្នុងពេលជួយសង្គ្រោះនោះ ផងដែរ។

  មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាសាទ បានឲ្យដឹងថា នៅក្នុងការឆាបឆេះផ្ទះមួយ មានពីរខ្នងរបស់ជនរងគ្រោះខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាល ទទួលបានការរាយការណ៍ពីហរតុការណ៍នេះ ហើយអធិការដ្ឋាននគរបាលស្រុកសន្ទុក បានបញ្ចេញរថយន្ត ១គ្រឿង មកជួយបាញ់ទឹកពន្លត់ភ្លើង ប៉ុន្តែ មិនអាចជួយបានទាន់ពេលវេលានោះទេ ដោយសារផ្លូវឆ្ងាយ ហើយបានភ្លើងឆាបឆេះយ៉ាងលឿនបំផុត។ មន្ត្រីដដែលបានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យភ្លើងឆេះផ្ទះនេះ មិនទាន់ដឹងនៅឡើយទេ រីឯទំហំនៃការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ ក៏មិនទាន់ដឹងនៅឡើយដែរ។ ប៉ុន្តែ ផ្ទះនិងទ្រព្យសម្បត្តិ «ឈើទុកសង់ផ្ទះថ្មី ស្រូវ អង្ករ …»បានរងការឆេះអស់គ្មានសល់ឡើយ។

  ស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានអំពាវនាវរកការជួយសណ្តោសប្រណី ពីសប្បុរសជននានា មេត្តាជួយដល់អ្នកស្រីផង ព្រោះត្បិតពេលនេះ អ្នកស្រីត្រូវទទួលបន្ទុកចិញ្ចឹមម្តាយម្នាក់ ដែលមានវ័យចាស់ជរា ៩៤ឆ្នាំ ថែមទៀតផង ៕