មែកឈើដើមធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសឬលើសួនកាណាឌីយ៉ា ចាប់ផ្តើមដំណើរការកាត់និងលះ ដោយអាជ្ញាធររាជធានីភ្នំពេញ

0

ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពកាត់និងលះមែកឈើដើមធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសឬនៅលើសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ។
លោកសំ សាមុត បានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ១៨ មករានេះថា៖ ដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួន១០៥ដើម ហើយក្នុងចំនួននេះមានដើមគ្រាប់បែកឬដើមគីនីនចំនួនជាង៤០ដើម ក្រៅនេះមានដើមគគី ឥន្ទនេលនិងឈើទាល ។ដើមឈើធំៗនិងចាស់ៗមានចំនួន៥០ដើម ដែលមានអាយុកាលរាប់រយឆ្នាំហើយ។
លោកសំ សាមុត បន្តថា៖ ចំពោះសកម្មភាពខាងលើនេះ ក្រុមការងារកាត់លះមែកឈើខាងលើនេះពិតជាមានការលំបាកខ្លះ ដោយសារតែយើងឡើងកាប់មួយមែកម្តងជាមួយនិងការចងខ្សែទម្លាក់មកក្រោម មួយមែកម្តងៗផងដែរ ព្រោះតែខ្លាចខូចថ្នល់និងការឺឡា។ ការងារនេះនឹងប្រើប្រាស់ពេលវេលាយូបន្តិច ។ដូច្នេះហើយលោកសូមការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវឆ្លងកាត់ផ្លូវនេះ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារនឹងសម្រុកធ្វើការងារនេះឱ្យបានរួចរាល់បានមុនគម្រោងដែរបានគ្រោងទុក។
គួរបញ្ជាក់ថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើបីដើមដែលត្រូវកាប់ចេញនោះ លោកឃួង ស្រេងសម្រេចមិនឱ្យកាប់ចេញនោះទេ។ ដោយតម្រូវឱ្យកាត់និងលះមែកជាមួយនិងការធ្វើទម្រទប់ដើមផងដែរ ។បន្ថែមពីលើនេះទៀត កាលពីថ្ងៃទី១៥មករា មកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានសេចក្តីជូនដំណឹងជុំវិញការតាត់លះមែកឈើនេះផងដែរ ដោយក្រុមការងារនឹងប្រើប្រាស់រយៈពេល១ខែ។
យោងតាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល ០១ខែ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តទៅ។
ដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍៕