ក្មេងប្រុស២នាក់បងប្អូន ត្រូវ បានលង់ទឹកស្លាប់ ខណៈចុះលេង ក្នុង រណ្តៅដី ទើបតែជីកថ្មី នៅ ស្រុក កងមាស

0

កំពង់ចាម: គួរឲ្យសង្វេកណាស់ ក្មេងប្រុស២នាក់បងប្អូនបង្កើត ត្រូវ បានលង់ទឹកស្លាប់ ខណៈដែលពួកគេ បាន នាំគ្នា ចុះលេងទឹក នៅចំណុចរណ្តៅដី ទេីបតែជីកថ្មី ១កន្លែង ដែលមានចំងាយពីផ្ទះខាងជើងភូមិ ប្រមាណជា២០០ម៉ែត្រ ស្ថិតនៅ ក្នុង ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីវេលាម៉ោង៦និង ៣០នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

តាមប្រភពពីអាជ្ញាធរ ស្រុកកងមាស បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន តាមទូរស័ព្ទ ថា មានករណីក្មេងលង់ទឹក ស្លាប់ ភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ដោយ ពិនិត្យ ឃើញ រួមមាន ១.សាកសព ឈ្មោះ សុខ លឹមហេង ភេទប្រុស អាយុ ៧ឆ្នាំ និង២.ឈ្មោះ សុខ ម៉េងហុង ភេទប្រុស អាយុ ០៦ឆ្នាំ ។ អ្នកទាំងពីរ ត្រូវ ជាបងប្អូនបង្កើត រស់នៅជាមួយជីតា ឈ្មោះ ទេស ឈុន អាយុ ៨០ឆ្នាំ នៅភូមិឃុំ កន្លែងកើតហេតុខាងលើ ។
ប្រភពបានបញ្ជាក់ដែរថា សពក្មេងទាំង ២នាក់ មានឪពុក ឈ្មោះ បូ សុខ អាយុ ៣២ឆ្នាំ និងម្ដាយ ឈ្មោះ ឈុន សម្ផស្ស អាយុ ៣៥ឆ្នាំ សព្វថ្ងៃ ទាំងពីរនាក់ ទៅធ្វើជាពលករ នៅប្រទេសជប៉ុន ដូចគ្នា ។
ដោយឡែក ក្រោយពីគណ:កម្មការពិនិត្យសាកសព ឃើញថា ទាំងពីរនាក់បងប្អូន ពិតជាបានស្លាប់ ដោយសារលង់ទឹកមែន ។ បន្ទាប់មក ក៏ប្រគល់សព ជូនក្រុមគ្រួសារ ដេីម្បី ធ្វើបុណ្យតាមប្រពៃណី ៕