រដ្ឋបាលខេត្តរតនគិរីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ស្រុក ស្ដីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់

0

រតនគិរី: ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំរៀនសូត្រ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ស្រុក ស្ដីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្ដល់សេវាឃុំសង្កាត់ដែលត្រូវបានរដ្ឋបាលខេត្តរតនគិរីរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ដែលមានសិក្ខាកាមចូលរួមមកពីខេត្តចំនួន៣ រតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម គិត ទ្រី បានលើកឡើងថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និង កុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍មូលធនមនុស្សសម្រាប់ភាពប្រកួតប្រជែងរបស់កម្ពុជា នាពេលអនាគត។ ផ្អែកលើទស្សនវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ គម្រោងនេះ សហការឧបត្ថម្ភដោយ ក្រុមធនាគារពិភពលោក,មូលនិធិសកលសម្រាប់គាំទ្រគ្រប់ស្ត្រី និងគ្រប់កុមារ,ជំនួយអូស្ត្រាលី,ធនាគារអភិវឌ្ឍន៍ អាឡឺម៉ង់,និងមូលនិធិម្ចាស់ជំនួយពហុភាគីនៃគម្រោងលើកកម្ពស់ សមធម៌ និងការកែលម្អគុណភាពសុខាភិបាល ដែលមានរយៈពេល ០៥ឆ្នាំ (២០១៩-២០២៤) នឹងត្រូវចំណាយថវិកាសរុប ចំនួន ៥៣ លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមបន្តថាគោលបំណងនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពនៃសេវាអាហារូបត្ថម្ភ ជាអាទិភាពសម្រាប់ សុខភាពមាតា និងកុមារប្រកបដោយប្រសិទ្ធភាព សំដៅធានានិរន្តរភាព និងស័ក្តិសិទ្ធិភាពនៃការផ្តល់ ហិរញ្ញប្បទានសម្រាប់សេវាសុខភាពបន្តពូជ អាហារូបត្ថម្ភសម្រាប់មាតា និងកុមារ ព្រមទាំងចូលរួមកាត់បន្ថយ អត្រាភាពក្រិនរបស់កុមារ នៅក្នុងខេត្តគោលដៅចំនួន ០៧ ក្រុង ស្រុកចំនួន ៤៩ និងឃុំ សង្កាត់ចំនួន ៣០២ និងភូមិចំនួន ១.៦៤១ នៃព្រះរាជាណាចក្រកម្ពុជា។
ដូចនេះ ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅប្រកបដោយ ភាពរលូន មានប្រសិទ្ធភាព និងជោគជ័យ ឯកឧត្តម គិត ទ្រីបានស្នើរ ដល់អស់លោក លោកស្រី ជាសិក្ខាកាមចូលរួមឱ្យបានសកម្ម និងយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញនានា និងចូលរួមសាកសួរ ព្រមទាំង បញ្ចេញមតិយោបល់ឱ្យបានផុលផុសនៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ៕ដោយ គតិ យុត្ត