មន្ត្រីជំនាញត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការកាត់ចំណីផ្លូវ ប្រឡាយ ទំនប់ អូរ ព្រែក ស្ទឹង និងបឹងសាធារណៈមុនពេលបិទផ្សាយក្បាលដី

អភិបាលខេត្តកំពតជំរុញដល់មន្ត្រីជំនាញ អាជ្ញាធរឲ្យធ្វើការផ្សព្វផ្សាយច្បាប់ស្តីអំពីការកាត់ចំណីផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង និងបឹងសាធារណៈឲ្យពលរដ្ឋបានដឹងច្បាស់ មុនពេលបិទផ្សាយក្បាល់ដីនៅតំបន់វិនិច្ឆ័យ ដើម្បីបញ្ចៀសការតវ៉ារបស់ប្រជាពលរដ្ឋ ។
ថ្លែងក្នុងកិច្ចប្រជុំ ឆ្លងគណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្ម ដើម្បីពិនិត្យប្លង់សុរិយោដីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរ នៃស្រុកបន្ទាយមាស នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នាសាសាលាខេត្ត ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ការកំណត់កាត់ចំណី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹកសំខាន់ខ្លាំងណាស់ សម្រាប់ជាចក្ខុវិស័យ នៃការអភិវឌ្ឍ ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានភូមិឃុំ ពិសេសដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងអាចឆ្លើយតបសមស្រប ទៅតាមតម្រូវការប្រជាពលរដ្ឋនៅពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បើការកំណត់កាត់ចំណីផ្លូវថ្នល់ ផ្លូវទឹកមិនបានផ្សព្វផ្សាយពន្យល់ណែនាំដល់ពលរដ្ឋឲ្យដឹងច្បាស់ទេ នៅពេលបិទផ្សាយក្បាលដី ប្រជាបលរដ្ឋប្រាកដជាឆ្លល់និងតវ៉ាថាបាត់ដីរបស់ខ្លួន ឬថាមន្ត្រីធ្វើការគ្មានសមធម៌ និងតម្លាភាព ។ ដូច្នេះដើម្បីឲ្យការងារវាស់វែងសម្រេចជាលទ្ធផល និងឆ្លើយតបទាន់ពេលវេលា មន្ត្រីជំនាញ និងអាជ្ញាធរត្រូវផ្សព្វផ្សាយលក្ខណៈផ្លូវច្បាប់ស្តីអំពីការកំណត់កាត់ចំណីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង និងបឹងសាធារណៈឲ្យពលរដ្ឋបានដឹងច្បាស់ មុនពេលបិទផ្សាយក្បាល់ដីជាសាធារណៈ ។ សូមបញ្ជាក់ថាការកំណត់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់វិនិច្ឆ័យដែលដាក់ឆ្លងកិច្ចប្រជុំពេលនេះ ស្ថិតនៅក្នុងភូមិចំនួនពីរ
ក្នុងនោះនៅភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ដែលមានប្រព័ន្ធផ្លូវទំហំតូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹកចំនួន៤ខ្សែ និងចំណីព្រែកទំនប់ទឹក និងអូរ មានចំនួន៣កន្លែង ដោយឡែកនៅភូមិអង្គម្លី ឃុំទូកមាសខាងកើត មានផ្លូវតូចធំសរុបចំនួន៧ខ្សែ ផ្លូវទំហំចាប់ពី២ ម៉ែត្រ ដល់៥ម៉ែត្រចំនួន២០ខ្សែ ប្រឡាយមេ និងប្រឡាយរងមានចំនួន ៧ខ្សែ៕