ទុក្ខសង្វេកស្ត្រីម៉េម៉ាយទាំងម៉ែទាំងកូនប្រកបមុខរបរដើរស៊ីឈ្នួលបោកខោអាវនិងលាងចានតាមពិធីបុណ្យដើម្បីយកប្រាក់ចិញ្ចឹមកូនតូចៗ៦នាក់

0

ខេត្តកំពង់ធំ៖ ស្រ្តី២នាក់ ត្រូវបានព្រហ្មលិខិតកំណត់ឲ្យក្លាយស្រ្តីមេម៉ាយ រស់នៅដ៏សែនលំបាកវេទនា ក្នុងជីវភាពក្រីក្រស្ទើរតែរកអង្កច្រកឆ្នំាងគ្មាន បច្ចុប្បន្នរស់នៅក្នុងខ្ទមប្រក់តង់ធ្លុះធ្លាយ  រួមជាមួយកូនកំព្រាតូចៗ៦នាក់ ស្ថិតនៅភូមិពោធិតាអ៊ុន  សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ   ។

ប្អូនស្រី ញ៉ឹក ស៊ីណាតអាយុ៤២ ស្រីជាម្តាយ  បានរៀបរាប់ទាំងក្តុកក្តួល ថាក្រោយពីស្វាមីបោះបង់ចោលរយះពេល៥ឆ្នាំមកហើយ  គាត់បានរស់នៅសែនលំបាកវេទនា ដើរស៊ីឈ្នួលលាងចាន និងបោកខោអាវឲ្យគេនៅតាមផ្ទះ ដើម្បីបានប្រាក់មកទិញអង្ករដាំបាយហូបចិញ្ចឹមកូន៦នាក់ នៅក្នុងខ្ទមតង់កៅស៊ូធ្លុះធ្លាយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ប្អូនស្រី ញ៉ឹក ស៊ីណាត កូនស្រីច្បងរបស់គាត់ មានឈ្មោះរិន សុផារ៉ា អាយុ១៦ឆ្នាំ បានទៅធ្វើជាកម្មកររោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ដើម្បីរកចំណូលមកជួយដោះស្រាយ និងសម្រាលបន្ទុកការលំបាករបស់ម្តាយដែលជាស្រ្តីមេម៉ាយ ក្រោយមកក៏ចាញ់លោកព្រាននារី លួងលោមរហូតធ្លាក់ចូលអន្ទាក់ស្នេហ៍ ក្នុងវ័យឈាមរាវ តែអកុសល់ភ្លើងស្នេហ៍ក្នុងកំលោះក្រមុំ ត្រូវបានដោះដៃបោះបង់ចោលកូនស្រីរបស់គាត់ ទាំងមានផ្ទៃពោះ   ហើយកូនស្រីបាន​មករស់នៅជាមួយម្ដាយ និងទើបតែសម្រាលកូនបានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ។

ដោយសារតែក្រុមគ្រួសារនេះ មានជីវភាពលំបាកក្រខ្សត់ ក៏ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ   រួមទាំងក្រុមការងា បានអញ្ជើញនាំយកអំណោយរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯកហ៊ុន  ម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក  និងលោកជំទាវ នៅ រសៀលថ្ងៃទី ២១ ខែមករាឆ្នាំ២០២១  មកផ្តល់ជូនដែលមានស្បៀងអាហារ និងថវិកាមួយចំនួន ដើម្បីជួយដោះស្រាយជីវភាពជូនគ្រួសារ គាត់   ។ដោយ ប៊ុន រដ្ឋា