ប្រទះឃើញសពបុរសម្នាក់នៅក្បែរចិញ្ចើមផ្លូវ សង្ស័យត្រូវរថយន្តបុកស្លាប់កាលពីយប់

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្បែរចិញ្ចើមផ្លូវ ដោយមានស្លាកស្នាមដាច់ជើង ដែលគេសង្ស័យថាបុរសរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤០ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសរូបនេះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រមាណជាង៣០ឆ្នាំ និងមានស្នាមសាក់ខ្នង។
តាមភិនភាគសពទំនងជាមនុស្សមានសតិមិនគ្រប់ឬជាជនអនាថា។ នៅក្បែរកន្លែងកើតហេតុមានកង់១គ្រឿង ដែលមានចងកាននិងខ្សែត្រូវរថយន្តបុកខ្ទេច។

បើតាមប្រភពព័ត៌មានពីកម្លាំងសណ្ដាប់ធ្នាប់ សង្កាត់គោករកា បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៧ព្រឹកមានក្មេងដើររើសអេតចាយនៅលើដងផ្លូវ បានប្រទះឃើញសាកសពដេកស្លាប់ ហើយក៏បានរាយការណ៍ប្រាប់គាត់ រួចគាត់រាយការណ៍បន្តប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ នៅកន្លែងកើតហេតុ មានស្នាមអូសប្រមាណជាង១០ម៉ែត្រ និងមានតួកង់ធ្លាក់ពីលើដងផ្លូវក្បែរសពព្រមទាំងបំណែកកង់នៅក្បែរនោះផងដែរ។

តាមការត្រួតពិនិត្យសពនិងស្លាកស្នាម នៅកន្លែងកើតហេតុ សមត្ថកិច្ចមានការសង្ស័យថា បុរសរូបនេះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលជិះឬក៏បណ្តើរកង់នៅតាមដងផ្លូវមក្នុងទិសដៅពីកើតទៅលិច ហើយក៏ត្រូវរថយន្តបុកស្លាប់តែម្តង។ ចំណែកឯរថយន្តបើករត់គេចបាត់បន្សល់តែសពដេកស្លាប់នៅលើចិញ្ចើមផ្លូវ។ រួចសមត្ថកិច្ចបានចុះទៅពិនិត្យសពរួចចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានបូជាតាមប្រពៃណី៕