សមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាបរោងសិប្បកម្ម និងការស្តុកឈើល្មើសច្បាប់ នៅក្នុងស្រុកពីរ រឹបអូសឈើបានជាង ១៦ម៉ែត្រគូប មធ្យោបាយ ឧបករណ៍ និងសម្ភារៈបម្រើឲ្យការប្រព្រឹត្តបទល្មើស ព្រមទាំងឃាត់ខ្លួនមនុស្សម្នាក់ បញ្ជូនទៅតុលាការខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ សមត្ថកិច្ចចម្រុះខេត្ត និងស្រុកពីរ ដែលដឹកនាំដោយ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានចុះទៅបង្ក្រាបទីតាំងស្តុកឈើ និងរោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ រឹបអូសឈើបានជាង ១៦ម៉ែត្រគូបត្រីគុណ គោយន្តកន្រ្តៃដឹកឈើ ៥គ្រឿង ឧបករណ៍កែច្នៃឈើ និងឃាត់ខ្លួនម្ចាស់រោងសិប្បកម្មម្នាក់ បញ្ជូនទៅតុលាការខេត្តព្រះវិហារ។
ប្រតិបត្តិការ ដែលដឹកនាំដោយស្ថាប័នអយ្យការខេត្តនោះ បានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃបន្តបន្តបន្ទាប់គ្នា គឺនៅរសៀលថ្ងៃទី១៩មករា បានចុះបង្ក្រាប និងរឹបអូសឈើ នៅក្នុងរោងសិប្បកម្មមួយកន្លែង ស្ថិតនៅក្នុងស្រុកឆែប និងនៅរសៀលថ្ងៃទី២០មករាឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងស្តុកឈើ និងការដឹកជញ្ជូនផល អនុផលព្រៃឈើ នៅក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។
ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងរយៈពេលពីរថ្ងៃមកនេះ លោកទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ឲ្យលោកដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មានមន្ត្រីព្រៃឈើ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ ការស្តុកទុក និងការដឹកជញ្ជូនផល អនុផលព្រៃឈើល្មើសច្បាប់ ដើម្បីទប់ស្កាត់ការកាប់ឈើ លុបបំបាត់ភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើគ្មានច្បាប់ និងដើម្បីរក្សាការពារធនធានធម្មជាតិ ឲ្យនៅគង់វង្ស។
លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្ត បានបន្តទៀតថា ការបង្ក្រាបរោងសិប្បកម្មមួយកន្លែងនៅក្នុងស្រុកឆែប សមត្ថកិច្ចបានរឹបអូសឈើច្រើនប្រភេទ មានចំនួន ៦ម៉ែត្រគូបត្រីគុណ ម៉ូទ័រវៀល ឈូស កាត់ឈើ និងឧបករណ៍ជាច្រើទៀត និងបានឃាត់ខ្លួនម្ចាស់បើកសិប្បកម្មម្នាក់ ដើម្បីបញ្ជូនទៅតុលាការ ផងដែរ។ លោកថា ការបង្ក្រាបទីតាំងស្រុកឈើនៅក្នុងស្រុកជ័យសែន សមត្ថកិច្ចរឹបអូសបានឈើស្រឡៅ ប្រភេទឈើលេខ១ បានចំនួន ១៣៤សន្លឹក ស្មើនឹងជាង ១០ម៉ែត្រគូបត្រីគុណ ព្រមទាំងដកហូតគោយន្តកន្ត្រៃ ៥គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូនផល អនុផលល្មើសច្បាប់។
ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានបញ្ជាក់ថា វិធានការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ ការស្តុកទុកឈើ និងការដឹកជញ្ជូនផល អនុផលព្រៃឈើល្មើសច្បាប់នោះ ស្ថាប័នអយ្យការខេត្ត នឹងបន្តចុះអនុវត្តជាបន្តទៀត ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានឲ្យនៅគង់វង្ស និងល្អប្រសើរ៕