ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១

នារសៀលថ្ងៃព្រហសហ្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ ព្រមទាំងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកនៃក្រុមការងារមកពីតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីបូកសរុបលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងឆ្នាំ២០២០កន្លងទៅ និងលើកទិសដៅសម្រាប់ការងារអនុវត្តបន្តក្នុងឆ្នាំ២០២១ ហើយក៏ដើម្បីប្រកាសសេចក្តីសម្រេចការកែសម្រួលសមាសភាព និងភារកិច្ចថ្មីរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយមានការចាំបាច់ច្រើនលើការងារទទួលដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ទើបសមាសភាពក្រុមការងារចាសត្រូវបានកែសម្រួលបន្ថែមសមាសភាពថ្មីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទំហំការងារបច្ចុប្បន្ន ដែលមានសមាសភាពថ្មីចំនួន ២៥រូប ក្នុងនោះប្រធានចំនួន ១រូប អនុប្រធានចំនួន ៥រូប និងសមាជិកចំនួន ១៦រូប។

លើសពីនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្តថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង គឺមានតួនាទីធ្វើជាសេនាធិការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទទួលរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិយោបល់ ឬសំណូមពរមកកាន់គេហទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ដើម្បីប្រមូលយកនូវមតិយោបល់នានាមកធ្វើការសម្របសម្រួលរៀបចំជាបណ្តុំ និងបញ្ជូនទៅអង្គភាពជំនាញពាក់ព័ន្ធជាសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារនេះឡើងគឺដើម្បីស្វែងយល់ឲ្យដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលកំពុងជួបផលលំបាក និងភាពមិនពេញចិត្តចំពោះមន្ត្រីថ្នាក់ក្រោមជាតិនៅមូលដ្ឋានអសកម្មក្នុងការងារដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ប្រមូលយកគ្រប់បញ្ហាយកមកដោះស្រាយ ក្នុងគោលបំណងដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងដើម្បីផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមបម្រើដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។

សូមជម្រាបថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្តេចក្រឡាហោម ស ខេង ក្នុងរយៈពេល៦ខែកន្លងមក គឺចាប់ពីខែកក្តដា ដល់ខែធ្នូ ឆ្នាំ២០២០ បានស្រងយកមតិយោបល់ពីគណនីហ្វេសប៊ុកនានា ដែលបានរាយការណ៍ចូលមកផេកហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានចំនួន ៥៥១ករណី ក្នុងនោះអង្គភាពជំនាញបានបានដោះស្រាយរួចបានចំនួន ២៤១ករណី និងនៅកំពុងដោយដោះស្រាយមានចំនួន ២៣៨ករណី។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ចំពោះករណីសណុំរឿងដែលមិនទាន់បានដោះស្រាយ គឺក្រុមការងារបានបញ្ចូលទៅតាមអង្គភាពពាក់ព័ន្ធជាសមត្ថកិច្ចក្នុងនាមអ្នកដោះស្រាយរួចអស់ហើយ ប៉ុន្តែក្រុមការងារកំពុងរងចាំលទ្ធផលដែលអង្គភាពជំនាញទទួលដោះស្រាយប្រគល់ជូនត្រលប់មកវិញ។