ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង តាមរយៈវីដេអូ Conference ដើម្បីបន្តពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក ដែលមាន១០មាត្រា នៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃស្រុក ទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក (ជំពូកទី១,ទី២,ទី៣) ដែលមានចំនួន១០មាត្រានៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និងអង្គភាពពាក់ព័ន្ធ មួយចំនួនទៀត តាមរយៈប្រព័ន្ធអនឡាញ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺបានបញ្ចប់លើជំពូកទី២ និងទី៣ដោយជោគជ័យ ដែលជំពូកទាំងពីរគឺទាក់ទងនឹងកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អ្នកផ្ដល់សេវារបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែដោយឡែកចំពោះជំពូកទី១ ស្ដីពីបទប្បញ្ញត្តិទូទៅគឺនៅសល់មាត្រាទី៣ ស្ដីពីនិយមន័យដែលមិនទាន់សម្រេចនៅឡើយ។ ឯកឧត្តមក៏បានរំលឹកថា ដោយសារបញ្ហាជំងឺកូវីដ-១៩ កិច្ចប្រជុំពិភាក្សាត្រូវបានខកខានមិនបានស្របតាមការគ្រោងទុក ដែលពន្យារពេលជាច្រើនលើក។ ជាងនេះទៅទៀត សមាភាពចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ ក៏បានឯកភាពទាំងស្រុង ក្នុងការប្រជុំតាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងកាត់បន្ថយការជួបជុំគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ផងដែរ។

បន្ថែមពីនេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា កិច្ចប្រជុំសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន នាពេលកន្លងមក ក៏មានក្រុមហ៊ុនធំៗចំនួន៤ របស់សហរដ្ឋអាមេរិក បានចូលរួមពិភាក្សា ហើយក្រុមហ៊ុនទាំង៤នោះ រួមមាន ៖ ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុន Amazon និងក្រុមហ៊ុនOracleផងដែរ។ ឯកឧត្តម សង្ឃឹមថានឹងមានកិច្ចប្រជុំបន្ដទៀតដើម្បីឲ្យសេចក្ដីព្រាងច្បាប់នេះឆាប់រួចរាល់ដាក់ជូន រាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេច។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែ លប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៨ជំពូក និង៥០មាត្រា ហើយក្រុម ការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ៕