សមត្ថកិច្ចខេត្តព្រះវិហារ បន្តចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើល្មើសច្បាប់ ដ៏ធំមួយកន្លែង រឹបអូសឈើជាច្រើនម៉ែត្រគូប រួមទាំងឧបករណ៍កែច្នៃឈើជាច្រើនគ្រឿង មានតម្លៃច្រើនពាន់ដុល្លារ !

ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានបន្តដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងនគរបាល ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ ដ៏ធំមួយកន្លែង កាលពីរសៀងថ្ងៃទី២១ មករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្នោត ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីព្រៃឈើបានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើនោះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាពី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី ក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ដែលស្ថិតនៅខាងក្រោយសាលាស្រុករវៀង។
មន្ត្រីព្រៃឈើដដែលបានឲ្យដឹងទៀតថា នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចដកហូតបានឈើជ្រុង គ្រប់ប្រភេទជាច្រើនម៉ែត្រគូប រឹបអូសវត្ថុតាងកែច្នៃឈើ មាន៖ តាបជ្រៀកឈើ ម៉ូទ័រឈូស ម៉ូទ័រវាល និងម៉ូទ័រស្វាន បញ្ជូនយកទៅរក្សាទុក ដើម្បីចាត់ការទៅតាមច្បាប់។ លោកបានបន្តថា ទីតាំងបើកសិប្បកម្មកែច្នៃឈើខុសច្បាប់មួយនេះ កន្លងមកអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះអប់រំ និងណែនាំ ជាច្រើនដងរួចមកហើយ តែមិនព្រមអនុវត្តតាមនោះទេ។ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងសិប្បកម្មនេះ ទំនងជាអាងខ្នង ឬអាងខ្សែធំ នៅតែបន្តធ្វើ ហើយមិនមានអ្នកណាហ៊ានប៉ះពាល់នោះឡើយ។
មន្ត្រីដដែលបានបញ្ជាក់ថា ស្របពេលជាមួយគ្នានោះ ព្រះរាជអាជ្ញារងខេត្ត លោក វុធ សាវី បានធ្វើការព្រមានថា នឹងធ្វើការបង្ក្រាបដោយគ្មានការយោគយល់នោះទេ ប្រសិនបើសិប្បកម្មណាមួយ ដែលបើកដោយគ្មានច្បាប់អនុញ្ញាត បើទោះជាមានខ្សែ ឬខ្នងបង្អែកធំនៅពីក្រោយប៉ុណ្ណាក៏ដោយ។ លោក វុធសាវី បានបញ្ជាក់ថា ការអនុវត្តបែបនេះ ដើម្បីធ្វើឲ្យមានច្បាប់ត្រឹមត្រូវ និងក៏ដើម្បីការពារធនធានធម្មជាតិ សម្បត្តិព្រៃឈើឲ្យគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ផងដែរ៕