រថយន្តធន់ធំបុកជាប់គ្នា៣គ្រឿងស្ទះផ្លូវជាតិលេខ៩ នៅស្រុកថាឡា បរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកម្រនិងមាននៅក្នុងប្រទេសកម្ពុជានោះ ឥឡូវបានកើតឡើង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ដោយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខាង
លិចស្ពានមេគង្គខេត្តស្ទឹងត្រែង ។ប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាៈមានរថយន្តប្រភេទយីឌុប១គ្រឿង ដឹកដំឡូងមី បានខូចហើយអែបនៅម្ខាងផ្លូវ ក្នុងទិសដៅពីលិចទៅកើត នៅលើផ្លូវជាតិលេខ៩ ខាងលិចស្ពានមេគង្គ ។ រីឯរថយន្តយីឌុប១គ្រឿងទៀត បានចុះមកពីលើស្ពានមេគង្គក្នុងទិសដៅពីកើតទៅលិចលុះមកដល់កន្លែងរថយន្តយីឌុបដឹកដំឡូងមីកំពុងខូច ក៏មានរថយន្តដឹកត្រាក់ទ័រ ១គ្រឿងទៀត ក្នុងទិសដៅ ពីលិចមកកើត ក៏បានបុកព្រមគ្នាគៀបជាប់ទាំង៣គ្រឿងនៅកណ្តាលផ្លូវជាតិលេខ៩នេះ បង្កឲ្យ
មានការស្ទះផ្លូវតែម្ដង ដែលមិនអាចឲ្យ អ្នកធ្វើដំណើរតាមរថយន្តទាំងតូចទាំងធំ មិនអាចឆ្លងកាត់ពីស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារបាននោះទេ ។ ក្រោយកើតហេតុមន្រ្តីនគរបាលចរាចរណ៍ ក៏បានចុះទៅធ្វើការវាស់វែង ហើយក៏កំពុងរកវិធានការណ៍ ដើម្បីយករថយន្តទាំងនេះ ចេញពីផ្លូវផងដែរ ដើម្បីដោះទៅតាមនិតិវិធីច្បាប់ ។

សូមបញ្ជាក់ថាៈហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់នោះឡើយ ៕