ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើរដល់នាយនិងពលទាហានបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរៈភូមិន្ទបន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើរដល់នាយនិងពលទាហានបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរៈភូមិន្ទបន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាជន ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំហ្វឹកហ្វឺនរៀនសូត្រប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាម រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ និងសូមបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ ព្រោះថាក្នុងពិភពលោកបច្ចុប្បន្ន ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះ យើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ។