ខ្លោចចិត្ត!! បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តប៉ះគ្នាតិចតួចមិនឈប់ដោះស្រាយ បែជាបេីករត់ទៅបុករះជាបន្តបន្ទាប់បណ្ដាលឲ្យនារីម្នាក់ជិតចូលរោងការស្លាប់ និង៣នាក់ទៀតរបួសស្រាល

ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ខណៈនារីម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហេីយនោះ ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តមួយគ្រឿងហេីយប៉ះរថយន្តមួយគ្រឿងរងការខូចខាតិចតួច កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នៅចំណុចមុខវត្តសំបួរមាស តាមផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រួចមិនឈប់ដោះស្រាយ នោះទេ បែជាបន្តបេីករត់ទៅបុករះរថយន្តមួយគ្រឿងទៀតនៅអតីតស្ពានដែកចំការដូង ហេីយបន្តទៅបុកម៉ូតូ២គ្រឿងទៀតនៅមុខបុរី ប៉េងហួត តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ ក្នុងថ្លុកឈាម និងប្រុសស្រី៣នាក់ទៀតរបួសស្រាល ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី សម្ភារៈភាគីរងគ្រោះរួមមាន ៖ រថយន្តម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-4225 , រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2S-6510 , ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-8939 និងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166 ។ ក្នុងនោះភាគីខាងម៉ូតូស្កុបពីមាននារីម្នាក់ស្លាប់ និងរបួសស្រាល២នាក់ ព្រមទាំងមានបុរសម្នាក់ភាគីខាងម៉ូតូហុងដាឌ្រីម រងរបួស្រាលផងដែរ ។

សាច់ញាតិនារីរងគ្រោះដែលស្លាប់បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ លីម ស្រីហេង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយនៅរយៈពេលជាង១០ថ្ងៃទៀតចូលរោងការ ហេីយ ។

ដោយឡែកភាគីរថយន្តបង្កម៉ាក ALPHAPD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-2004 បេីកបរដោយបុរសម្នាក់សង្ស័យមានសារធាតុស្រវឹងស្រា និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ដេីម្បីកុំឲ្យកក់ស្ទះ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងក្រុងភ្នំពេញ ដេីម្បីធ្វេីការវាស់វែងយកវត្ថុតាងទៅរក្សាទុក ព្រមទាំងនាំខ្លួនតៃកុងរថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕