ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះពិនិត្យសកម្មភាពការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប

MC. នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញចុះមើលសកម្មភាពការស្ថាបនាផ្លូវនៅក្នុងខេត្តសៀមរាប ។
ក្នុងដំណើរបំពេញបេសកកម្មពិនិត្យការស្ថាបនាផ្លូវ៣៨ខ្សែនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវចំណាប់អារម្មណ៍លើគេហទំព័រហ្វេសប៊ុកថា “ទិដ្ឋភាពនៃការសាង់សង់ផ្លូវនេះបានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរណ៍មកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩ ។

រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និង ទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ។ តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និង ការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ ។ ក្រោយពីបញ្ចប់ការស្ថាបនាទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជម្រុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការ ជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

សូមជម្រាបផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ចេញកញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះក្នុងការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងក្រុង សៀមរាប ៕