ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី គន់គីម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ ២០២០និង លើកទិសដៅ អនុវត្ត ឆ្នាំ ២០២១

0

ខេត្តកំពង់ធំ ឯកឧត្តម នាយឧត្តមសេនីយ៍គន់គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំរួមទាំង ប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បូកសរុបលទ្ធផលការងារឆ្នាំ ២០២០និងលើកទិសដៅ អនុវត្តបន្តឆ្នាំ ២០២១ ពិធីនេះត្រូវបានធ្វើឡើង នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំនារសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១។
នៅក្នុងពិធីប្រជុំបូកសរុបលទ្ទផលការងារប្រចាំឆ្នាំ២០២០ ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារគ្រប់គ្រង បម្រើអតីតយុទ្ធជន ដោយមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ គណៈអភិបាលស្រុកក្រុង រួមទាំងមេឃុំចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ពីសំណាក់ឯកឧត្តម សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងសមាគមស្រុកក្រុង កងកម្លាំង អាជ្ញាធរដែនដី បានរួមគ្នាសាងសង់ ជម្រកស្នាក់នៅជូនដល់អតីតយុទ្ធជនដែលរស់នៅក្នុងខេត្តកំពង់ធំ បានចំនួន១៨២ខ្នងផ្ទះ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនែកអតីតយុទ្ធជនសរុបមាន ៣៦៧២នាក់ សមាជិកសមាគមអតីតយុទ្ធជន ចំនួន ៣១០៧នាក់ ជនពិការ១៣៧១នាក់ និងបានទៅជួបអតីតយុទ្ធជនដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឬមានជម្ងឺនៅតាមមូលដ្ឋាន និងជួយឧបត្ថម្ភឧបភោគបរិភោគនិងបានជ្រើសរើសគ្រួសារសាច់ញាតិបង្កើតរបស់អតីតយុទ្ធជនចូលបម្រើកងទ័ព អនុវត្តលិខិតលេខ១០៥៨/២០១៨ ស.ស .ស ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខណ្ឌកងទ័ពជើងគោក ។
ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានកោតសរសើរចំពោះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលមានឯកឧត្តម សោម ស៊ុន ជាប្រធានសមាគម បានដឹកនាំការងារអតីតយុទ្ធជន ស្រុកក្រុងឃុំសង្កាត់ ចុះសួរសុខទុក្ខអតីតយុទ្ធជននៅគ្រប់ទិសទី ក្នុងខេត្តកំពង់ធំ ជាពិសេសសូមកោតសរសើរ កងកម្លាំងសមត្ថកិច្ចទាំង៣ប្រភេទ រួមទាំងមន្ទីរជុំវិញខេត្ត និងសម្បុរសជន ដែលបានសហការគ្នា ជួយដល់ប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង ដែលគ្រោះធម្មជាតិ ក្នុងឆ្នាំ២០២០កន្លងមកនេះ គឺចុះជួយដល់ទីតាំងប្រជាពលរដ្ឋរងគ្រោះ នាំស្បៀងអាហារចែកជូនដល់លំនៅដ្ឋាន មានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកំពង់ធំ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលប្រទេសកម្ពុជា ទទួលរងការគម្រាមកំហែង ពីជំនន់ទឹកភ្លៀង និងជំងឺរាតត្បាតសកល កូវីដ-១៩ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ច ហើយនៅកម្ពុជាមិនត្រឹមតែកើតមានជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ គឺ ឆ្នាំនេះឥទ្ធិពលព្យុះតំបន់បាន ធ្វើឱ្យភ្លៀងធ្លាក់ជោគជាំ ហើយចាប់ពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២០ មកមានជំនន់ទឹកភ្លៀង “ជំនន់រហ័ស ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងតស៊ូប្រឆាំងនឹងជំងឺកូវ៥-១៩ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ បញ្ជាផ្ទាល់ ដើម្បីឆ្លើយតបគ្រោះមហន្តរាយ ប្រមុខរាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការស្តារឡើងវិញបន្ទាន់ក្រោយទឹកជំនន់ដូចជាការជួសជុលប្រព័ន្ធស្រោចស្រព ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធទាំងឡាយដែលខូចខាតព្រមទាំងដោះស្រាយស្រូវពូជ ពូជដំណាំ ជូនប្រជាកសិកររងគ្រោះដាំដុះ ស្តារផលិតកម្មកសិកម្មឱ្យបានទាន់រដូវកាល។
ដោយ ប៊ុន រដ្ឋា