រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែកដឹកដី១គ្រឿង ម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាក់លេខ ចង្កូតស្តាំ PL-2045 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុលើ ក៏មានរថយន្ត១គ្រឿងទៀត ម៉ាកសូដេស ពណ៌ដឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2W-3826 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១២៣ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួនរថយន្តបែនដឹកដីជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តម៉ាកសូដេសចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកសូដេសរងការខូចខាតកំពឹត និងបែកស្តុបក្រោយ។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងមកដាក់កៀនខាងសិន រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តបង្ក ព្រមសង់សំណង់ទៅខាងភាគីរងគ្រោះចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕