វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើប្រាស់បំរើសង្គមជាតិ

MC- រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ គឺស្ថិតនៅលើកិច្ចទំនាក់ទំនងល្អជាមួយស្ថាប័ននៃប្រភពផ្តល់ព័ត៌មាន ដែលមានការរៀបចំច្បាស់លាស់អ្នកនាំពាក្យ ដែលមានសមត្ថភាព និងជំនឿទុកចិត្ត ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន មិនអាចខ្វះបាននោះឡើយ គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ( ឯកឧត្តម ខៀវ កាញារីទ្ធ ) មានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួប១០ឆ្នាំ នៃការបង្កើតវិទ្យុជាតិ FM នគរភ្នំ 103 MHz និងខួប ៤ឆ្នាំ ថ្ងៃកំណើតទូរទស្សន៍ជាតិខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា៖ វិស័យព័ត៌មាន គឺជាឧបករណ៍ដ៏ចាំបាច់ សម្រាប់ការប្រើប្រាស់ នាំមកជាប្រយោជន៍ ដល់ការថែរក្សាស្ថិរភាពនយោបាយ ធានាបាននូវឱកាសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

យ៉ាងណាក៏ដោយ ដើម្បីឈានទៅរកគោលដៅ នៃការធ្វើឲ្យមានគុណភាព និងប្រសិទ្ធភាព ចាំបាច់ណាស់គឺការទំនាក់ទំនងល្អ ជាមួយបណ្តាស្ថាប័ននៃប្រភពព័ត៌មានទាំងឡាយនោះ ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងយ៉ាងដូច្នេះ គឺស្ថិតក្នុងគោលបំណង បង្ហាញនូវការអំពាវនាវសារជាថ្មីម្តងទៀត ទៅកាន់បណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើការរៀបចំតួនាទីអ្នកនាំពាក្យប្រចាំអង្គភាពរបស់ខ្លួន ដើម្បីឆ្លើយតប និងចូលរួមបន្សាបព័ត៌មានមិនពិត ដែលបង្កឲ្យមានបាតុភាពមិនល្អក្នុងសង្គមនោះ។

ជាគុណប្រយោជន៍របស់អ្នកនាំពាក្យ និងអាចនិយាយបានថា ជាបទពិសោធន៍មួយ នោះគឺជោគជ័យនៃការដឹកនាំប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានពិភពលោកទទួលស្គាល់។ អ្វីដែលជាកត្តាជោគជ័យនេះ នោះគឺការរៀបចំក្រុមអ្នកនាំពាក្យដែលមានសមត្ថភាពគ្រប់គ្រាន់ ធ្វើការ២៤ម៉ោង ហើយមជ្ឈដ្ឋាននានានៅជុំវិញមានទំនុកចិត្ត។ ក៏ជាបទពិសោធន៍ទទួលបានជោគជ័យផងដែរ គឺការបន្សាបព័ត៌មានបំភិតបំភ័យស្តីពីកូវីដ-១៩ ដោយអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ដែលប្រជាពលរដ្ឋទទួលយក ថាជាប្រភពព័ត៌មានផ្លូវការតែមួយគត់ បង្ហាញអំពីស្ថានភាពពិតនៃជម្ងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា អ្វីដែលចាំបាច់បន្ថែមនោះ គឺ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការជួបប្រជុំគ្នាដកស្រង់បទពិសោធន៍ ការចែករំលែកចំណេះដឹង និងរួមគ្នាដោះស្រាយបញ្ហាប្រឈម។ ក្នុងសម័យកាលប្រើប្រាស់បញ្ញាញាណសិប្បនិម្មិត ( បដិវត្ត ៤.០ ) ព័ត៌មានវាពិតលឿនពេក ច្រើនពេក ហើយក៏ស្មុគ្រស្មាញខ្លាំងណាស់ដែរ ដែលកិច្ចការទាំងនេះ ត្រូវតែរួមកម្លាំងគ្នាធ្វើ ទើបអាចរកឃើញនូវប្រសិទ្ធភាពការងារ ដូច្នេះការជួបប្រជុំប្រមូលព័ត៌មានប្រតិកម្មអវិជ្ជមាន គឺកាន់តែមានសារៈសំខាន់ថែមទៀត ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឆ្លើយតបឲ្យបានទាន់ពេលវេលា៕