បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវនិងជ្រុលទៅបុកស្លាកប៉ាណូស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយយ៉ាងល្បឿន ក៏រេចង្កូតធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយជុំខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ម៉ែត្ររួចហោះទៅបុកនឹងបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត បណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕