ដកមេភូមិថ្លើមធំស៊ីដាច់លុយកូវិដ១៩របស់សម្តេចតេជោ ហ៊ុន សែនជួយឧបត្ថម្ភប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ

0

ខេត្តកំពង់ធំ៖ មេភូមិគំរូអាក្រក់ ហ៊ានលេបត្របាក់លុយកូវិដ១៩ ស៊ីដាច់លុយប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ ដែលជាលុយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រដែលកំពុងតែជួបកាលំបាក ក្នុងស្ថានភាពការពារទប់ស្កាត់កូវិដ១៩ ត្រូវបានថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាសម្រេចដកហូតបញ្ចប់តំណែងលោកលូង ឡុក ជាមេភូមិដំរីស្លាប់ ។

លោកលួង ឡុក អតីតជាមេភូមិដំរីស្លាប់ ត្រូវបានប្រជាពលរដ្ឋ ចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ ដោយហ៊ានស៊ីដាច់លុយដែលប្រមុខរាជរដ្ឋាភិបាល បានឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលមានប័ណ្ណក្រីក្រកូវីត.19  ហេតុការណ៍នេះបានផ្ទុះឡើង បន្ទាប់ពីសាច់ញាតិលោកយាយ ឃុំ ណាវ អាយុ ៦៣ ឆ្នាំជាពិការភាព និងមានកូនម្នាក់ដែលសតិមិនប្រកតី បានតវ៉ាសើរើនៅសាលាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០២១។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដំណោះស្រាយ ក្នុងសាលាឃុំដំរីស្លាប់ លោកលូង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពថា បានស៊ីដាច់លុយកូវិដ១៩ ដែលសម្តេចជួយឧត្តមដល់លោកយាយ ឃុំ ណាវ ដែលជនពិការ ចាប់តាំងពីបើកដំបូងមកម្លេះ ដោយបាននិយាយភូតភរកុហក់ សាច់ញាតិបងប្អូនអ្នកភូមិថា លោកយាយពុំមានប័ណ្ណក្រីក្រនោះទេ តែបងប្អូនអ្នកភូមិដឹងច្បាស់ថា លោកយាយបានធ្វើប័ណ្ណក្រីក្រហើយ ក្រោយមានការស្រាវជ្រាវ ដោយបានបញ្ជាក់ច្បាស់លាស់​ពីលោកស្រីមេឃុំដំរីស្លាប់ថា លោកយាយពិតជាមានប័ណ្ណក្រីក្រពិតប្រាកដ ហើយបានបើកលុយរាល់ខែទៀតផង ។

នៅកិច្ចដំណោះស្រាយ បានឲ្យដឹងថា ក្រោយពីបែកធ្លាយផ្ទុះរឿងថាលោកយាយមានប័ណ្ណ មេភូមិភ័យខ្លួនក៏លួចធ្វើលិខិតមួយច្បាប់ ជារបាយការណ៍ មកឲ្យលោកស្រីមេឃុំដើម្បីជួយជាអំណាស់អំណាង ថាខ្លួនបានរាយការណ៍ពីសកម្មភាពបើកលុយ និងមានលុយចំនួន២៤ម៉ឺនរៀល ចំនួន២ខែមករក្សាទុកនៅសាលាឃុំ ក្នុងនោះចំនួនលុយដែលនៅសល់ជាច្រើនខែ លោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានឲ្យកូនបើកទុកសម្រាប់ចាយវាយហ៊ឺហាជាសម្បត្តិផ្ទាល់ខ្លួន លើគំនរទុក្ខរបស់លោកយាយជនពិការ ។

គួររំលឹកផងដែរថា បន្ទាប់ពីរឿងរ៉ាវត្រូវបានលាតត្រដាង លោក លួង ឡុក អតីតមេភូមិដំរីស្លាប់ បានសារភាពកំហុសនិងទទួលខុសត្រូវ ធានាសងលុយឲ្យលោកយាយគ្រប់ចំនួន ព្រមទាំងលើកដៃសំពះជាច្រើរយដង ដើម្បីសុំឲ្យបញ្ចប់រឿងតែត្រឹមនេះ តែអ្វីដែលមេភូមិកំហូចបានធ្វើជាគំរូអាក្រក់ ប្រជាពលរដ្ឋទាំងភូមិមិនអាចទទួលយក បាន ថែមទាំងដាក់ពាក្យបណ្តឹងមកសាលាស្រុកកំពង់ស្វាយ ដើម្បីរកយុត្តិធម៌ និងលុបបំបាត់កាកសំណល់សង្គមចោល ដើម្បីកុំឲ្យមេភូមិ មេឃុំ ឬជនពុករលួយឆក់យកឳកាសបំផ្លាញកិត្តិយស់ជាតិ ។

លោកស្រី យឹង ហៀប មេឃុំដំរីស្លាប់ មានឲ្យដឹងនារសៀលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០២១ថា បន្ទាប់ពីមានកិច្ចប្រជុំនៅសាលាស្រុកកំពង់ស្វាយ អភិបាលស្រុក និង ក្រុមប្រឹក្សាឃុំ បានសម្រេចធ្វើការណែនាំ ឲ្យដាក់ទារុណកម្មលោកមេភូដំរីស្លាប់ ដោយការដកហូតតំណែងមេភូមិ និងឲ្យអនុភូមិឡើងជាមេភូមិដំរីស្លាប់ជំនួសលោក លួង ឡុក ដោយការសាកល្បងការងារបុគ្គលដែលមកទទួលតំណែងជាមេភូមិ បើការងារល្អ និងធ្វើជាមេភូមិរហូត តែបើមិនមាន សមត្ថភាពនិងត្រូវបោះឆ្នោតជ្រើរើសមេភូមិថ្មី ។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងតាមទូរស័ព្ទនា ល្ងាចថ្ងៃទី១៦ ខែកុម្ភះឆ្នាំ ២០២១ ថា បន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់ ក្នុងកិច្ចដំណោះស្រាយ ជំលោះរវាងលោកលួង ឡុក មេភូមិដំរីស្លាប់ គឺពិតជាមានកំហុសខ្លាំងខ្លាមែន ដោយសារតែលោកមេភូមិបានបើកលុយឧបត្ថម្ភរបស់សម្តេច ហើយពុំបានប្រគល់ជូន លោកយាយដែលជាជនក្រីក្រ ថែមទាំងយកលុយទាំងនោះមករក្សាទុកខ្លួនឯង ហើយមិនបានផ្តល់ដំណឹងមកអាជ្ញាធរឃុំដឹងលឺ ពីការមិនអវត្តមានរបស់លោកយាយនៅក្នុងភូមិ ដោយយល់ឃើញថាលោកយាយទៅរស់នៅ ជាមួយកូនតាមខេត្តមួយរយះ ចំណែកថវិការបើសាម៉ីខ្លួនមិនទទួលយក និងបង្វែមករតនាគារវិញ រីឯលោកមេភូមិនិងត្រូវផ្អាកការងារជាមេភូមិ ។ (សូមបញ្ជាក់ថា នៅមានរឿងបញ្ហាយកដីគេលក់ទៀត )

ដោយ ប៊ុន រដ្ឋា