ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​អំពាវនាវ​ដល់​​ស្ត្រី​មាន​ផ្ទៃពោះ​​ទាំងអស់​ ​សូមឲ្យបាន​មកពិនិត្យ​ថែទាំ​សុខភាព​ ចាប់ពី​ពេល​ពពោះ​ រហូត​ដល់​​ពេល​សម្រាល

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ បានអំពាវនាវដល់​​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ ​សូមឲ្យ​មកពិនិត្យ​ថែទាំ​សុខភាព​ឲ្យ​បាន​គ្រប់ៗគ្នា​ ចាប់ពី​ពេល​ពពោះ​ រហូត​ដល់ពេល​សម្រាល និងកូន​ដល់​អាយុ​២ឆ្នាំ​ ដែល​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​លេីក​កម្ពស់​សុខុមាលភាព​នៅ​កម្ពុជា​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១​ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាល​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ។ 

បន្ទាប់​ពី​លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាន​អាន​សារលិខិត​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើជូន បងប្អូនជនរួមជាតិ ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​សុខភាពមាតា ទារក និងកុមារ​ ។ 

ឆ្លៀត​ក្នុង​ឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា  បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក  ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ ។ ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។ 

       ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នោះ, ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល ។ 

សូមបញ្ជាក់ថា អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បានផ្តល់​ជូន​ស្ត្រី​ចំនួន ១៥៨​នាក់​នោះ ម្នាក់ៗ ទទួលបាន ៖ មី​ជាតិ ១​កេស​, ឃី​ត ១​កញ្ចប់​, ស្ករស ១​គ​.​ក​. ទឹកដោះខាប់ ១​កំប៉ុង​, ម្សៅ​លាប​ខ្លួន​ទារក ១​ដប​, សាប៊ូ​ដុស​ខ្លួន​ទារក ១​ដប​, ខោ​ទឹកនោម​ទារក ១​យួរ និង​ថវិកា ២០,០០០ រៀល ។​

​ជាមួយគ្នានេះដែរ ស្ត្រី ១​នាក់ ដែល​ត្រូវ​ឪពុកចុង ចាប់រំលោភ​មាន​ផ្ទៃពោះ ត្រូវបាន​ផ្តល់ជូន​ទឹកប្រាក់​ចំនួន ២០០,០០០ រៀល​ផងដែរ ។​

សូម​ជម្រាប​ផងដែរ​ថា បន្ទាប់ពី ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ស្ត្រី នៅ​មន្ទីរ​សុខាភិបាល​ខេត្ត លោកជំទាវ ​ញូ​ង ចរិយា អ៊ុន​ចាន់​ដា និង​ក្រុមការងារ បាន​បន្តដំណើរ អញ្ជើញ​ចុះសួរសុខទុក្ខ អ្នក​ជម្ងឺ​ជា​ស្ត្រី​ទើប​សម្រាលកូន កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន ក្នុង​ម្នាក់ៗ ៥០,០០០​រៀល​ផងដែរ ៕​