កាកបាទក្រហមខេត្ត​កំពង់ចាម​ ផ្តល់​អំណោយ​ជូន​ គ្រួសារ​ពិការភាព​​ កូន​ច្រើន​ និង​កូន​ស្លាប់​ពេល​ទេីប​សម្រាលរួច​ នៅ​ស្រុង​ស្ទឹងត្រង់​

កំពង់ចាម​:​ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត​ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​នេះ​ បាន​អញ្ជើញ​ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ចូលរួមរំលែកទុក្ខ ដល់បងប្អូនខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ ម៉ាត់ សាឡេះ អាយុ៣៦ឆ្នាំ  (ងងឹតភ្នែក )និងប្រពន្ធ ឈ្មោះ ចាហ្វា រ៉ាយះ អាយុ៣៥ឆ្នាំ មានកូន៤នាក់( កូនទី ៤ ស្លាប់)សល់៣នាក់ ក្នុង​បន្ទុក រស់នៅក្នុង​ភូមិទួលពោធិ ឃុំព្រែកកក់  ស្រុកស្ទឹងត្រង់  ដែលមានទុក្ខ ដោយសារកូនទី៥ ទើបនឹងកើត បានស្លាប់ទៅវិញ ក្រោយពេលសម្រាល បានត្រឹមតែ ៤ម៉ោង។ 

សូមបញ្ជាក់ថា គ្រួសារ ប្អូន ម៉ាត់ សាឡេះ នេះ មានជីវភាពក្រខ្សត់​លំបាក​ រស់នៅជាមួយម្តាយជរា ហើយត្រូវទៅ​យាមចំការអោយបង នៅ​ខេត្ត​កំពង់ធំ ដោយទុកកូនអោយម្តាយមើលថែ ។ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គាត់​បាននាំប្រពន្ធដែលគ្រប់ខែមកផ្ទះម្តាយ ដើម្បីត្រៀមសម្រាល ស្រាប់តែ​នៅ​វេលា​ម៉ោង១០ព្រឹកក៏ឈឺពោះ ហើយសម្រាលតែម្តង ដោយឆ្មបបុរាណក្នុងភូមិ​ ជាអកុសល ក្រោយកើតបាន ៤ម៉ោង ទារកអភ័ព្វ ក៏បានបាត់បង់ជីវិតទៅវិញ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវ ដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវថែទាំ និងពិនិត្យសុខភាព ផ្ទៃពោះ អោយទៀងទាត់ ហើយត្រូវសម្រាលនៅតាមមន្ទីរពេទ្យ រួមជាមួយ ការតាមដានការលូតលាស់របស់កូន អោយមានសុខភាពល្អ ។ ជាមួយនោះ ត្រូវការពារខ្លួន ជៀសអោយផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈ វិធានការ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការអប់រំនានា របស់ក្រសួងសុខាភិបាល។ 

អំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ចូលរួមរំលែកទុក្ខគ្រួសារសពទារក មាន ៖ អង្ករ១០០គក្រ  មីជាតិ៥កេស ទឹកក្រូច៥កេស ត្រីខ៥០កំប៉ុង និងថវិកាចំនួន​៥០ម៉ឺនរៀលផងដែរ​ ​៕