រដ្ឋបាល ខេត្ត កំពង់ធំ អភិសេក រូប សំណាក់ អាចារ្យ លាក់ សិតពីស្ពាន់ និងលោហធាតុ កំពស់ ៤,៥ម៉ែត្រ ទំងន់ប្រហែល ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ម៉ែត្រ

កំពង់ធំ ៖  ល្ងាចថ្ងៃ ទី ២៥  ខែកុម្ភៈ  ឆ្នាំ២០២១នេះ  ឯកឧត្តម សុខ លូ អភិបាលខេត្កំពង់ធំបានថ្លែងថា  ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន រដ្ឋបាលបាលខេត្តកំពង់ធំ បានសម្រេចឲ្យមានការស្ថាបនាសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ សិតពីស្ពាន់ និងលោហធាតុផ្សេងៗ ដែលមានកំពស់ ៤,៥ម៉ែត្រ ទំងន់ប្រហែល ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ម៉ែត្រ សរុបទាំងអស់ ៩,៩៥ម៉ែត្រ ដែលពិធីបុណ្យនេះ ត្រូវបានប្រារព្ធធ្វើរយៈពេលពីរថ្ងៃ នាថ្ងៃទី២៤  ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន) ភូមិក្រចាប់  សង្កាត់អាចារ្យលាក់  ក្រុង ស្ទឹងសែន 

ឯកឧត្តមសុខ លូមានប្រសាសន៍ថា រូបសំណាកអាចារ្យលាក់ គឺជារបស់យើងទាំងអស់គ្នា កើតចេញពីយើងទាំងអស់គ្នា ហើយសមិទ្ធិផលទាំងនេះអាចកើតមានបាន លុះត្រាប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលបានរួមកម្លាំងសាមគ្គី។ 

ឯកឧត្តមអភិបាល ខេត្ត បាន រៀបរាប់  ពី ជីវប្រវត្តិរូបសំណាកអាចារ្យលាក់នេះ ដើម្បីរំឭកអំពីប្រវត្តិនៃការតស៊ូ ជាមេទ័ពអង់អាចក្លាហាន ហើយក៏ជាបុគ្គលមួយរូបដែលមានមន្តអាគមក្នុងការព្យាបាលជម្ងឺ និងចេះក្បាច់គុណខ្លាំងពូកែ ជាពិសេសគឺការប្រើដាវ។ ក្រោយមកនៅខែធ្នូ ឆ្នាំ១៨៦៧ លោកត្រូវបានគេសម្លាប់។

ឯកឧត្តមអភិបាល ខេត្ត បន្តទៀតថា វីរៈភាពតស៊ូរបស់លោកអាចារ្យលាក់ ត្រូវបានគេចងចាំជានិច្ច ហើយសព្វថ្ងៃនេះ យើងឃើញមានភូមិមួយនៃខេត្តកំពង់ធំក៏មានឈ្មោះថា ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ។ 

ទន្ទឹមនឹងនោះ ឯកឧត្តមបញ្ជាក់ទៀតថា រូបសំណាកអាចារ្យលាក់ មានរូបរាងក្នុងរបៀបជាអ្នកតស៊ូ អ្នកចេះវិជ្ជាគុន អ្នកចេះមន្តអាគម អ្នកព្យាបាលជំងឺ។ ផ្នែកខាងមុខ ដៃទាំងសងខាង កាន់ដាវរាងកោងដកចេញពីស្រោមបានបន្តិច ក្នុងគោលបំណង បង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូ នឹងបង្ហាញអំពីវីរភាពនៃការតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណងបង្ហាញឲ្យឃើញថា អាចារ្យលាក់គឺជាគ្រូមន្តអាគមមើលជំងឺ ចេះផ្សំថ្នាំព្យាបាល -ល-។ ផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងគោលបំណងបង្ហាញឲ្យឃើញថា នៅពេលលោកអាចារ្យលាក់ចេញប្រយុទ្ធតស៊ូជាមួយបារាំង ក្រៅពីការប្រើដាវ គឺលោកបានប្រើប្រាស់អាវុធជាស្នា ដែលផ្លែមានលាភដោយពិសពស់ ឬផ្លែឈើពុលផ្សេងៗ ជាដើម៕

អភិបាលខេត្តសង្ឃឹមថាក្នុងខេត្តកំពង់ធំ យើងនេះ គ្មានអ្នកណាម្នាក់ឆ្លងជម្ងឺ Covid -19 យើងគ្រប់គ្នាៗ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 

ក្នុងនោះដែរក៏មានការសម្តែង របាំបុរាណ របាំងពីការរលឹកគុន របាំងអាចារ្យលាក់ជាដើម