ចោរមុខដដែលៗ!! សមត្ថកិច្ចបញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយចេញពីពន្ធនាគារហេីយមកឆក់កាបូបលុយប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យបានបញ្ចូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ពាក់ព័ន្ធ ករណីឆក់ និងឃាត់ខ្លួនបានកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ០០ នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធីហើម ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះលេខអា០៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ

–មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១ ផ្លូវលំ ភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សម្ភារៈបាត់បង់

–កាបូបចំនួន ០១ ,ប្រាក់ដុល្លារចំនួន ១៤,៣០០ដុល្លារអាមេរិក(មួយម៉ឺនបួនពាន់បីរយដុល្លារអាមេរិក) ,ខ្សែកមួយខ្សែ , ទូរសព្ទ័ដៃម៉ាកអាយហ្វូនមួយគ្រឿង និងសៀវភៅធនាគារចំនួន ០១ ក្បាលវត្ថុតាងចាប់យក

–ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន៥៨៨០៩៤១ ពាក់ស្លាកលេខ ភ្នំពេញ១IN-០៤០៧ ចំនួន ០២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព

–ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៨២០២៨៩៤ ពាក់ស្លាកលេខ ភ្នំពេញ ១IO-៤៤១៤

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខភោជនីយ៍ដ្ឋានឬស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង គឺនៅពេលជនរងគ្រោះជិះម៉ូតូកង់បីមកដល់ចំណុចកើតហេតុខាងលើ ពេលនោះជនសង្ស័យបានឃើញក៏ជិះម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់អស់ ។គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធី ហៅ ពៅ ហៅ ធីហើម គឺជាមុខសញ្ញាដែលប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស យ៉ាងសកម្ម និង ច្រើនករណីក្នុងរាជធានីភ្នំពេញកន្លងមកហើយធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើកមកហើយគឺនៅក្នុងឆ្នាំ២០១៣,ឆ្នាំ២០១៥និង២០១៩ ៕