អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បញ្ចុះបឋមសិលា កសាងអាគារពុទ្ធិកសិក្សាវត្តរាជបូណ៌

សៀមរាប ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រោមព្រះទ័យផ្តួចផ្តើម នៃព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ បានរៀបចំពីធីបញ្ចុះបឋមសិលា កសាងអាគារពុទ្ធិកសិក្សារាជបូណ៌ ក្រោមការឧបត្ថម្ភដោយទឹកចិត្តសទ្ធាជ្រះថ្លា នៃ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពជា និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងមានការចូលរួមផងដែរ ពីសំណាក់សប្បុរសជន មកពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទូទាំងប្រទេស។

ការប្រព្រឹត្តិទៅនៃពិធីនេះ ស្ថិតក្រោមមហាកិត្តិយសនៃការនិមន្តចូលរួមជាព្រះអធិបតិភាព នៃសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះអគ្គារធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណរាជធានីភ្នំពេញ និងមានវត្តមានផងដែរ ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ ប្រជាពុទ្ធបរិស័ទ ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺ ការប្រព្រឹត្តិទៅនៃពិធីនេះ ត្រូវបានស្ថិតក្នុងស្ថានភាពនៃការគោរពតាមវិធានសុវត្ថិភាព ការពារ ទប់ស្កាត់ការឆ្លងជម្ងីកូវីដ-១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ មានអំណរជាភិយ្យោភាពក្នុងឱកាសនោះ ព្រះមហាវិមលធម្ម ពិន សែម មានថេរដីការថា៖ អ្វីដែលកើតមានក្នុងថ្ងៃនេះ គឺជាការមកដល់នូវសេចក្តីព្យាយាមក្នុងព្រះទ័យរបស់ព្រះអង្គជាយូរមកហើយ។ សេចក្តីជ្រះថ្លានៃញ៉ោមញាតិ ដែលបានមូលមតិគ្នា ក្រោមការម្រមូលកៀរគ ដោយមហាកុសលនៃឯកឧត្តម ជា ចាន់តូ និងលោកជំទាវ គឺជាបច្ច័យនៃការបង្កើតបញ្ញា ដើម្បីកសាងថ្នាលបណ្តុះធនធានព្រះសង្ឃ ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា យូរអង្វែងតទៅ។
សាលាពុទ្ធករាជបូណ៌ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដោយយកដុដិព្រះសង្ឍ និងឧបដ្ឋានសាលាជាថ្នាក់រៀន។ ឆ្នាំ១៩៩៥ ទើបកសាងបានអាគារពុទ្ធិកសិក្សា១ខ្នង ដែលត្រូវបានប្រើប្រាស់រហូតដល់បច្ចុប្បន្ន និងបានបង្កើនកម្រឹតថ្នាក់ ពុទ្ធិកវិទ្យាល័យ។
ព្រះមហាវិមលធម្ម បញ្ជាក់ថា៖ ការសិក្សារៀនសូត្រក្នុងព្រះពុទ្ធសាសនា បានបង្ហាញថា បញ្ញាគឺជាធនធានដ៏ប្រសើរសម្រាប់មនុស្សជាតិលើសាកលលោក។ ព្រះពុទ្ធសាសនា បានបង្រៀនទូន្មានដល់បរិស័ទទូទៅ ឲ្យបំបាត់នូវសេចក្តីល្ងង់ខ្លៅ ព្រោះវាជាសត្រូវ ឲ្យទោសដល់មនុស្សគ្រប់ៗរូប។ សត្វទាំងឡាយណា សាបសូន្យបាត់បញ្ញាដ៏ប្រសើរហើយនោះ សត្វទាំងឡាយនោះ រមែងរស់នៅជាទុក្ខ ប្រកបដោយក្តីថ្នាំងថ្នាក់ ចង្អៀតចង្អល់ ក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយចាកលោកនេះទៅ ប្រាកដជាទៅកាន់ទុក្ខគតិភព។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មានថេរដីកាថា៖ ស្ថិតនៅលើកំពូលនៃទីតាំងសន្តិភាព ដែលមានសម្តេចតេជោជាស្ថាបនិក ទើបប្រាកដជាបានមើលឃើញនូវដំណើរអភិវឌ្ឍប្រទេសជាតិ ដោយការចាកចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ។ ការរស់ឡើងវិញនៃប្រជាជាតិកម្ពុជា ដែលមកទល់ពេលនេះ វិស័យអាណាចក្រ និងវិស័យពុទ្ធិចក្រ ត្រូវបានដើរទន្ទឹមគ្នា ជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក ដោយមិនអាចខ្វះវិស័យណាមួយបាននោះឡើយ សម្រាប់សង្គមកម្ពុជា។
ដូចគ្នាដែរ ការរីកចម្រើនខាងលោកសម្ភារ វិទ្យាសាស្រ្ត តែបើពុំមានការរីកចម្រើនខាងមនសិកា បញ្ញា ស្មារតី និងវិចារណញ្ញាណទេនោះ វានឹងបង្កឲ្យលោកនេះ មានមហន្តរាយជាមិនខាននោះឡើយ។ ការសិក្សាបង្កើតបញ្ញា គឺដើម្បីទាញយកប្រយោជន៍ ដែលកើតចេញពីការមិនប្រមាថ ដែលទាំងនោះគឺជាជ្រុងមួយក្នុងការជួយដល់សហគមន៍ និងប្រទេសជាតិទាំងមូល។
នៅក្នុងភាពជាប្រាកដ ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ទុក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងដោយប្រកាន់គិតថា ការមិនប្រមាថគឺជាបញ្ញា បាននាំមកនូវការប្រុងប្រយ័ត្ន ដែលជាចំណែកនៃប្រសិទ្ធភាព ទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខនៃរាជរដ្ឋាភិបាល និងការដាក់ចេញនូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលផងដែរ៕