សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្តល់​ថវិកា​៤ម៉ឺន​ដុល្លារ​ ដេីម្បី​​ស្តារ​ស្រះ​ស្តុក​ទឹក​ ​ជូន​កសិករ​ក្នុង​ស្រុក​ត្បូងឃ្មុំ​ សម្រាប់​ស្រោចស្រពដីស្រែជាង៣០០ហិកតា​

0

ត្បូងឃ្មុំ:​ ដោយទទួលបានសំណូមពរពីបងប្អូនប្រជាកសិករ​ ចំនួន៤ភូមិ ក្នុងឃុំអញ្ចើម ដែល​ខ្វះខាត​ប្រភពស្តុក​ទឹកសម្រាប់​ប្រើប្រាស់ ស្រោចស្រពស្រែចំការ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ស្រះទឹកដែលមានបណ្តាយ១០០ម៉ែត្រ និងទទឹង១០០ម៉ែត្រ ជំរៅ៣ម៉ែត្រ អាចស្រោចស្រពលើផ្ទៃដីដាំដុះ៣០០ហិចតា ចំណាយថវិការអស់ប្រមាណជា៤ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានជីកស្តារឡើងវិញ ស្ថិតក្នុងភូមិព្រែកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពិធីបើកការដ្ឋានជីកស្តារស្រះទឹកឡើងវិញនេះ ធ្វើឡើងក្រោម​វត្តមាន​ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមដំណើរដោយឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សេង សុខខឿន អភិបាលស្រុក-អភិបាលរងស្រុក អនុប្រធានមន្ទីរព័ត៌មានខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលទទួលផលប្រមាណជា១០០នាក់។

ក្នុង​ឳកាសនោះដែរ​ ឯកឧត្តម ហាក់ សុខមករា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះបងប្អូន​ប្រជាពលរដ្ឋ​ដោយក្តីនឹករលឹកបំផុត។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះបងប្អូន និងអាជ្ញាធរឃុំ-ស្រុក ដែលបានយកដីស្រះនេះ ដែលអតីតជាត្រពាំង ចុះបញ្ជីកម្មសិទ្ធជាទ្រព្យសម្បត្តិរួម ធានាដោយច្បាប់ការពារដោយរដ្ឋ ដោយមិនអាចអោយជនខិលខូចលួចរំលោពបំពានយកបាននោះឡើយ ក៏ដូចជាចូលរួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពិនិត្យមើលដំណើរការជីកស្តារឡើងវិញផងដែរ។

ក្រោយទទួលបានស្រះទឹកថ្មីនេះ ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ឯកឧត្តម ហាក់ សុមករា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់ស្រោចស្រពស្រែចំការ ឲ្យបានទិន្នផលខ្ពស់ និងលក់ចេញបានថ្លៃ ជួយសម្រួលកម្រិតជីវភាព ពិសេសរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ នៅរួមសុខរួមទុក្ខជាមួយបងប្អូន​ប្រជាពលរដ្ឋ​ នាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ ក៏ដូចជាថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន កសាងសមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ ជាប្រយោជន៍ដល់ប្រជាកសិករ​ និងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឥតឈប់ឈរ​ផងដែរ​ ៕