បងប្អូនអជីវករផ្សារកំពង់ធំត្អូញត្អែពីចំណូលធ្លាក់ចុះក្នុងការប្រកបអជីវកម្មលក់ដូរក្នុងស្ថានភាពកូវិដ១៩

0

ខេត្តកំពង់ធំ៖ បងប្អូនជីវករដែលកំពុង តែប្រកបមុខរបរអជីវកម្មក្នុងផ្សារកំពង់ធំ មួយចំនួនធំ បានត្អូញត្អែរពី ការលក់ចេញទិញចូលនូវមុខទំនិញសព្វសារពើ តំលៃមានការកើនឡើង តែការលក់ចេញមានការយឺតយ៉ាវ ធ្វើឲ្យមុខរបរអជីវកម្ម ទទួលបានចំណូលធ្លាក់ចុះ ដោយសារតែភាពស្ងប់ស្ងាត់ នៃអតិថិជនទិញទំនិញឧបភោគបរិភោគ។

ជាក់ស្តែងបងស្រីម្នាក់ ជាអជីវករលក់ទំនិញក្នុងផ្សារកំពង់ធំម្នាក់ បានឲ្យដឹងពីស្ថានភាពលក់ដូរក្នុងផ្សារ កាលពីព្រឹកថ្ងៃទី៣ខែមិនា ឆ្នាំ ២០២១  ថាចាប់តាំងពីពិភពលោក ក៏ដូចជាប្រទេសជាតិជួបប្រទះនិងបញ្ហាការឆ្លងរីករាល ដាលនូវមេរោគកូវិដ១៩ សភាពទីផ្សារកំពង់ធំក៏ដូចជាផ្សារនានាក្នុងប្រទេស គឺមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំកាត់បន្ថយការចំណាយនូវអ្វីដែលមិនមែនជាការចាំបាច់ ក្នុងនោះការទិញទំនិញផ្សេងៗក៏មានការថយចុះ គួរអោយកត់សម្គាល់ ហេតុនេះហើយទើបធ្វើឲ្យចំណូលពីការលក់ថយចុះផងដែរ។

ចំណែកក្រុមអជីវករលក់សាច់ជ្រូកគោមាន់ទា  ក៏បានលើកឡើងផងដែរថា ការទិញចូលតំលៃសាច់ជ្រូក គោ មាន់ ទា គឺមានតំលៃកើនឡើង ដល់លក់ទៅវិញក៏ពុំសូវដាច់នោះឡើយ តែជាមុខរបររបស់គាត់ គឺមិនអាចឈប់បាននោះទេ ទោះបានចំណូលតិចក្តី ច្រើនក្តី គឺប្រសើរជាជាងគ្មានចំណូល ក្នុងកាលៈទេសៈកូវិដ១៩នេះ ដើម្បីប្រាប់ចំណូលផ្តត់ផ្គង់គ្រួសារ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមអជីវករលក់ដូរក្នុងផ្សារកំពង់ធំ ផ្សារស្ទឹងសែន​ និងផ្សារដ៏ទៃទៀត មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវចូលរួមការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺមេរោគកូវិដ១៩ គឺសូមឲ្យបងប្អូនទាំងអស់ ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសូងសុខាភិបាល ដោយពាក់ម៉ាស់ លាងដៃនិងសាប៊ូ ឬជេល រក្សាគន្លាតសុវត្តិភាព និងសូមឲ្យមានការចូលរួមទាំងអស់គ្នា ។

លោក ម៉ាក់ ប៊ុនហុង ក៏បានសំណូមពរឲ្យបងប្អូន អជីវករផ្សារទាំងអស់ មេត្តាកុំឆ្លៀតឳកាសតំម្លើងតំលៃទំនិញ ក្នុងឳកាសប្រទេសជាតិជួបវិបត្តិកូវិដ១៩នេះ គឺស្មើរនិងការចូលរួមការពារទប់ស្កាត់កូវិដ១៩នេះដែរ ជាពិសេស ដោយមានការដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងាររបស់មន្ទីរសុខាភិបាល បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារកូវិដ១៩ចំនួន៣ទីតាំង ក្នុងនោះមានមន្ទីរពេទ្យបង្អែកស្រុកស្ទោង មន្ទីរពេទ្យបង្អែកស្រុកបារាយសន្ទុក និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ សម្រាប់ចាក់ជូនដល់មន្រ្តីជួរមុខតាមស្ថាប័នប្រឈម​ និងបន្តចាក់ជូនបងប្អូនប្រជាពលរដ្ឋ តាមការកំណត់ ។

ដោយ ប៊ុន រដ្ឋា