ការអភិវឌ្ឍវិជ្ជាជីវៈ ជាកាតព្វកិច្ចចាំបាច់សម្រាប់អ្នកយកព័ត៌មាន !

0

សៀមរាប៖ ការលើកកម្ពស់អភិបាលកិច្ច និងគុណភាពផ្តល់សេវាព័ត៌មាន ឲ្យកាន់តែប្រសើរឡើង វាជាគោលដៅដ៏ចាំបាច់បំផុត សម្រាប់ការឆ្លើយតបចំពោះសិទ្ធិទទួលបាននូវព័ត៌មានរបស់ប្រជាពលរដ្ឋ។ នៅក្នុងសម័យកាលនៃព័ត៌មានវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ វាប្រាកដណាស់ ដែលការទាមទារមួយ តម្រូវឲ្យភ្នាក់ងារយកព៏ត៌មានទាំងអស់ ត្រូវរត់ឲ្យទាន់នៃការរីកចម្រើនទាំងនោះ ក៏ប៉ុន្តែគិតថា វាមិនមានការលំបាកនោះទេ បើសិនជាអ្នកយកព័ត៌មាន ស្ថិតក្នុងឆន្ទៈនៃស្រឡាញ់អាជីពរបស់ខ្លួន និងយោនិសោមនសិការសំដៅឆ្ពោះទៅរកផលប្រយោជន៍នៃសង្គមជាតិ។
ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ ទៅកាន់មន្រ្តីក្រោមឱវាទរបស់ខ្លួន នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈនេះ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះដែរ គឺដើម្បីពិភាក្សា ដកស្រង់បទពិសោធន៍ ឆ្លុះបញ្ចាំងលទ្ធផលការងារ ប្រមូលធាតុចូល និងលើកយកបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ លុបបំបាត់ចំណុចខ្វះខាត បង្កើនសមត្ថភាពផលិតព៌ត៌មានដែលមានគុណភាព។
យ៉ាងណាក៏ដោយឯកឧត្តមក៏បានរំលឹកដែរថា ក្រមសីលធម៌-វិជ្ជាជីវៈ វាជាតម្លៃមួយដែលអ្នកយកព័ត៌មានមិនអាចខ្វះបាននោះទេ ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រភពអ្នកផ្តល់ព័ត៌មាន រួមផ្សំដោយភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិតផងដែរ។ ការផលិតបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលវាជាព័ត៌មានពិត លឿន ប្លែក ទុកចិត្តបាន គឺជាការនាំមកនូវសុខដុមរូបនីយកម្មនៃសង្គមជាតិ ក្រោមការទទួលយល់ជ្រាបរបស់ប្រជាជន ដូចជាករណីក្នុងបរិបទនៃវិបត្តិកូវីដ-១៩ជាដើម អ្នកយកព័ត៌មានបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ ការរីករាលដាលក្នុងសហគមន៍ នៃជម្ងឺដ័កាចសាហាវមួយនេះ ហើយដែលកន្លងមកនេះ អ្នកយកព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ លើការងារគាំទ្រ និងបំរើគោលនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ( នយោបាយ យោធា សេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ) ជាដើម៕