រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

0

ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាលនិងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។
សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខីភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស៕