លោកជំទាវលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្រ្តី និងម្ចាស់ប្រកបអជីវកម្មចុះពិនិត្យទីតាំងសត្តឃាតស្រុកស្ទោង

0

ខេត្តកំពង់ធំ៖ លោកជំទាវលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោកតាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មបស្សុព្យាបាលសត្វខេត្ត និងលោក ស៊ូ ចាន់ទ្រី អនុប្រធានសេដ្ឋកិច្ចហិរញ្ញវត្ថុ ខេត្តកំពង់ធំ រួមទាំងម្ចាស់អជីវកម្មទទួលសិទ្ធសត្តឃាត ចូលរួមពិនិត្យទីតាំងសត្តឃាតស្រុកស្ទោង នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ  ។

គោលបំណងនៃការចុះពិនិត្យទីតាំងសត្តឃាត ស្រុកស្ទោង ដោយមានសមត្ថកិច្ចជំនាញ និងក្រុមប្រកបមុខរបរសត្វ គឺដើម្បីបង្កើនគុណភាពសាច់សត្វ ទាំងជម្រុញឲ្យមានការកាប់សត្វជ្រូក គោ ក្របី នៅក្នុងសត្តឃាត ដោយហាមមិនឲ្យមានការកាប់នៅក្រៅសត្តឃាតជាដាច់ខាត គឺជាការរឹតបន្តឹងការត្រួតពិនិត្យគុណភាពសាច់សត្វ ពី​​​ សំណាក់ពេទ្យសត្វប្រចាំសត្តឃាត មុនពេលនាំសាច់ជ្រូក គោ ក្របី ចូលលក់ក្នុងទីផ្សារនិងបញ្ជាស់សាច់ដែល មានជំងឺនាំឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ។

លោក ស៊ូ ចាន់ទ្រី អនុប្រធានសេដ្ឋកិច្ចហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ម្ចាស់សត្តឃាត ត្រូវធ្វើតាមកាណែនាំ តាមបទដ្ឋានបច្ចេកទេស អ្នកវិនិយោគ និងមន្រ្តីពេទ្យសត្វ ត្រូវសហការគ្នា ដើម្បីចាត់ការតាមនិតិវិធីនៃទីតាំងសត្តឃាត ឲ្យទទួលបានការគ្រាំទ្រ ពីសំណាក់មហាជន ទាំងគុណភាពសាច់សត្វ មានអនាម័យ និងសុវត្តិភាពក្នុងការបរិភោគ និងរក្សានូវការយកភាស៊ីតាមការកំណត់តាមសៀបភៅបន្ទុក ។

លោក តាន់ ម៉េងឆាង  ប្រធានការិយាល័យផលិតកម្មបស្សុព្យាបាលសត្វខេត្តកំពង់ធំ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ម្ចាស់អជីវកម្មទទួលសិទ្ធយកភាស៊ីសត្តឃាត ដែលបានថែរក្សាបញ្ហាអានាម័យ ទីតាំងសម្លាប់សត្វ កន្លែងកោសរោម កន្លែងលាងសំអាត រួមទាំងបរិវេណសត្តឃាតបានល្អជាងមុន៩០ភាគរយ ដោយបានគោរពតាមការណែនាំរបស់មន្រ្តីជំនាញបច្ចេកទេស ក្នុងនោះលោកបានសុំឲ្យជួយកែសម្រួលទីតាំងដែលទុក ចោលដោយមិនបានការ មកកែច្នៃបរិវេណឲ្យធំទូលាយ បំពាក់អំពូលភ្លើងឲ្យភ្លឺជាងមុន ប្រើប្រាស់ទឹកស្អាត និងរៀបចំទុកដាក់លាមកជ្រូក គោ ក្របី ឲ្យមានកន្លែងសុវត្តិភាព និងសំណូមពរឲ្យមានឡដុតកាកសំណល់ចោលផងដែរ។

 លោកជំទាវលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ក្រោយពីបានជ្រាបនូវបញ្ហាមួយចំនួន ដែលបង្ករឲ្យភាគីក្រុមជំនាញពេទ្យសត្វ និងអ្នកវិនិយោគ រួមទាំងក្រុមអជីវករ មានការអាក់អនស្រពោនចិត្តកន្លងមក លោកជំទាវបានសម្របសម្រួលប្រកបដោយក្តីសុខកាយសប្បាយចិត្តទាំងអស់គ្នា ហើយលើកបញ្ហាដាក់លើតុទាំងអស់គ្នា ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ ក្នុងកិច្ចសហការដើម្បីសុខភាពប្រជាពលរដ្ឋ  និងបានកោតសរសើរចំពោះការរួមគ្នាអភិវឌ្ឍន៍សត្តឃាត ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស និងមានស្តងដាអនាម័យ ក្នុងការផលិតសាច់ដែលមានគុណភាព ចូលលក់ក្នុងទីផ្សារប្រកបដោយសុវត្តិភាព ក្នុងការបរិភោគ ។

ដោយ ប៊ុន រដ្ឋា