បែកធ្លាយឯកសារលួចលក់ដីរបស់រដ្ឋដោយ មានការពាក់ព័ន្ធនិងអភិបាលរងខេត្តកំពង់ឆ្នាំងម្នាក់

0

កំពង់ឆ្នាំង៖ រឿងហេតុពិតជានឹកស្មានមិនដល់តាមប្រភពព័ត៌មានដែលទទួលបាននៅព្រឹកនេះមានការតាមចាប់ខ្លួនម្ចាស់ផ្ទះសំណាក់មួយនៅក្រុងកំពង់ឆ្នាំង(ផ្ទះសំណាក់ផ្កាយព្រឹក) ដែលថ្លើមធំផ្សំគំនិតគ្នាជាមួយអភិបាលរងខេត្តកំពង់ឆ្នាំងម្នាក់ លួចលក់ដីរបស់រដ្ឋ រហូតដល់បីកន្លែង មានដីពន្ធនាគារខេត្ត ដីមន្ទីរការរិយាលយ័ បោះឆ្នោត និងដីទល់មុខវិមានឯករាជ្យយកលុយខ្ទង់លានដុល្លាចាយលេង។

តើការបែកធ្លាយខាងលើនេះជារឿងពិតដែរឬទេ ? តើថ្នាក់លើបានជ្រាបដែរឬទេ? តើថ្នាក់លើមានចំណាត់បែបណា?

តាមប្រភពព៌ត័មានក្រៅផ្លូវការមួយនានបង្ហើប ថា អភិបាលរងខេត្តរូបនេះ លុយលក់ដីទាំងនោះយកទៅរត់ការ ដើម្បីឡើងកាន់តំណែងជាអភិបាលខេត្ត ព្រោះអភិបាលខេត្តចាស់ជិតដល់ពេលផ្លាស់ប្តូរ ឬផ្ទេរភារកិច្ចហើយ។

យោងតាមលិខិត កិច្ចសន្យាប្រគល់ប្រាក់កក់ សេវាសាងសង់ពន្ធនាគារខេត្តកំពង់ឆ្នាំងថ្មី ដែលមានស្នាមមេដៃនិងកាលបរិច្ឆេទចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ មួយសន្លឹក មានខ្លឹមសារដូចខាងក្រោម៖

-លោក ស៊ុន សុវណ្ណារិទ្ធិ ភេទ ប្រុស ឆ្នាំកំណើត ១៣-០៤-១៩៧៤ សញ្ជាតិខ្មែរ អត្តសញ្ញាណបណ្ណលេខ 04000៥៧១៣ ចុះថ្ងៃ ទី ២៧- ០៧-២០០៩ មានទីលំនៅអចិន្ត្រៃយ៍ ជូនលេខ៩ ផ្លូវលេខ ២៤២ ភូមិ៤ សង្កាត់ចតុមុខ ក្រុង ភ្នំពេញ ។ ដែលពេលនេះជាអ្នកតំណាងឱ្យម្ចាស់ដី ហៅកាត់ថា គាភី(ក) និង

-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ភេទស្រី ឆ្នាំកំណើត១៩៧២ កាន់អត្តសញ្ញាណបណ្ណ័លេខ 040405927 មានអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិដំណាក់ពពូល សង្កាត់ កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាម្ចាស់កម្មសិទ្ធិ ដីនិងផ្ទះ ដែលជាអ្នកទិញនាពេលនេះ ហៅកាត់ថា ភាគី(ខ) ។

គូភាគីបានពិភាក្សា និងបានព្រមព្រៀងគ្នាចុះកិច្ចសន្យាដោះដូរដី ដែលមានទីតាំងក្នុងប្រការ ១ នឹងព្រមអនុវត្តតាមលក្ខខំរួដូចខាងក្រោមៈ

ប្រការ១ ៖កម្មវត្ថុ ភាគី(ក)បានយល់ព្រមទទួលប្រាក់កក់ ២០ ០០០ ដុល្លា(ពីរម៉ឺនដុល្លាអាមេរិកគត់) ដើម្បីធ្វើការដោះដូរដី ពន្ធធនាគារ ដែលមានកម្មសិទ្ធិស្របច្បាប់ចំនួន ០៣កន្លែង ក្នុងតំលៃសរុប៩០០.០០០ ដុល្លា (កៅសិបម៉ឺនដុល្លាអាមេរិក) ក្នុងនោះកន្លែងទី១ មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កឆ 002478 លេខ T 0092 ចុះថ្ងៃទី២៣ ខែ០២ ឆ្នាំ១៩៩៨ មានទំហំ 47 អារ 25សង្ទីអារ ជាការិយាល័យពន្ធធនាគារខេត្ត ស្ថិតនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ដែលមានទីតាំងដី ខាងជើងទល់នឹង
សាលាខេត្តកំពង់ឆ្នាំង ខាងត្បូងទល់នឹងអធិការ ដ្ឋានស្រុកកំពង់ឆ្នាំង ខាងកើតទល់នឹងផ្លូវខេត្ត ខាងលិចទល់នឹង បញ្ជាការដ្ឋានផ្នែកសឹករងកំពង់ឆ្នាំង ។ កន្លែងទី២ មានបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កឆ 002477 លេខ TIII 0091 ចុះថ្ងៃទី២៣ ខែ០២ ឆ្នាំ ១៩៩៨ មានទំហំ 44អារ 36សង្ទីអារ ជាពន្ធនា គារខេត្ត ស្ថិតនៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានទីតាំងដី ខាងជើងទល់នឹងផ្លូវខេត្ត ខាងត្បូងទល់នឹងផ្លូវខេត្ត ខាងកើតទល់នឹងការិយាល័យព័តមាននគរបាលខេត្ត ខាងលិចទល់នឹង ផ្លូវខេត្ត ។ កន្លែងទី៣ មានបណ្ណ័សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ : កឆ 002477 លេខ Tiii 0091 ចុះថ្ងៃទី២៣ ខែ០២ ឆ្នាំ១៩៩៨ មានទំហំ 3906 ម៉ែត្រក្រឡា ជាដីផ្ទះសំណាក់ខេត្ត (គជប) ស្ថិតនៅភូមិ ម៉ុងបារាំង សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានទីតាំងដីជាប់ពន្ធនាគារ ខាងជើងទល់នឹងផ្លូវខេត្ត ខាង ត្បូងទល់នឹង ផ្លូវខេត្ត ខាងកើតទល់នឹង ផ្លូវខេត្ត( វិមានឯករាជ្យ ) ខាងលិចទល់នឹង ផ្លូវខេត្ត ដោយក្នុងលិខិត កិច្ចសន្យាប្រគល់ប្រាក់កក់ សេវាសាងសង់ពន្ធនាគារខេត្តកំពង់ឆ្នាំងថ្មី មានអ្នកទទួលប្រាក់កក់ ឈ្មោះ ស៊ុន សុវណ្ណារិទ្ធិ មានឈ្មោះអ្នកប្រគល់ប្រាក់ ឈ្មោះ ហើង ទិត្យរាត្រីលក្ខ៍ណ និងមានសាក្សីដឹងឮផងដែរ ។

ទោះយ៉ាងណាក្តី លិខិតមួយសន្លឹកដែលបែក ធ្លាយខាងលើនេះមិនដឹងថាជាលិខិតពិតឬយ៉ាងណានោះទេ មានតែថ្នាក់លើដាក់វិធានការណ៍ស៊ើបអង្កេត និងស្រាវជ្រាវទើបដឹងច្បាស់ ។